កណ្ដាល ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវចំនួន៥៤៦គ្រួសារ បានទទួលអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល ។
ការចែកអំណោយជូនដល់ប្រជាពលរដ្ឋទាំង២ឃុំបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលាឆ្នាំ ២០២០នេះ ស្ថិតវត្តសាលាអណ្តែតហៅវត្តអណ្តូងស្ថិតក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
សូមជម្រាបថា ក្នុងចំណោមប្រជាពលរដ្ឋទាំង៥៤៦គ្រួសារ មានប្រជាពលរដ្ឋ២៦៧គ្រួសារមកពីឃុំស្អាងភ្នំ និង២៧៩គ្រួសារ នៅឃុំក្រាំងយ៉ូវ ។ ថ្លែងក្នុងពិធីចែកអំណោយនេះ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ និងបានបញ្ជាក់ថា ការជួយនេះ គឺពុំមានរើសអើងនិន្នាការនយោបាយនោះទេ ។
ឯកឧត្តម ក៏បានជំរុញឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព ប្រយ័ត្នកុមារតូចៗកុំឲ្យលេងទឹក ជាពិសេសទីណាមានទុក្ខ ទីនោះមានសម្តេចតេជោ ទៅជួយ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជាទៅជួយ ទីណាមានទុក្ខ គឺទីនោះមានក្រុមការងារគណបក្សប្រជាជនកម្ពុជាទៅជួយ ៕






