ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមិថុនានេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឃ្លាំងចំនួន៣ ដែលស្តុកទុក និងចែកចាយអាល់កុលក្លែងក្លាយ ដោយក្នុងប្រតិបត្តិការនោះ រឹបអូសអាល់កុលក្លែងក្លាយជាង ៧ម៉ឺនលីត្ រស្មើនិងជាង ៧០តោន ខណៈម្ចាស់ទីតាំងផលិត បានកំពុងរត់គេចខ្លួនហើយអាជ្ញាធរកំពុងស្រាវជ្រាវ ចាប់យកមកផ្តន្ទាទោស។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នារសៀលថ្ងៃទី០២ ខែមិថុនានេះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ឃ្លាំងស្តុកទុក និងចែកចាយអាល់កុលក្លែងក្លាយទាំងនោះ គឺស្ថិតនៅភូមិព្រែក ទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នឃ្លាំងទាំងនោះ ត្រូវបានបិទជាបណ្តោះអាសន្ន និងម្ចាស់ទីតាំងនិង អ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណរួចអស់ហើយ និងកំពុងតាមចាប់ផងដែរ។
បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ឲ្យដឹងផងដែរថា ឃ្លាំងស្តុកទុក និងចែកចាយនូវអាល់កុលទាំងនេះ គឺជាឃ្លាំងធំបំផុត សម្រាប់ចែកចាយនៅទូទាំងប្រទេស ហើយទីតាំងគឺមានទំហំដ៏ធំ និងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានកន្លងមក ខណៈអាល់កុលទាំងនេះ គឺជាអាល់កុលក្លែងក្លាយគ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេសមេរោគកូវីដ-១៩ អ្វីទាំងអស់ ហើយនិងពុំមានច្បាប់អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផងដែរ។
ឯកឧត្តម មានការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីប្រើប្រាស់អាល់កុលឲ្យបានត្រឹមត្រូវ និងត្រូវមានការសហការជាមួយអាជ្ញាធរពេលដែលដឹងថា មានឈ្មួញទុច្ចរិតលួចផលិតនូវអាល់កុលក្លែងក្លាយ ឬបផលិតផលក្លែងក្លាយទាំងនោះ ខណៈបច្ចុប្បន្ននេះ មានជនខិលខូចមួយចំនួនកំពុងបាននាំចូល ស្ដុកទុក និងចែកចាយអាល់កុលក្លែងក្លាយ នៅលើទីផ្សារកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ដែលអ្នកប្រើប្រាស់កំពុងមានតម្រូវការប្រើប្រាស់ច្រើន ជាហានិភ័យងាយរងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ។ គណៈកម្មាធិការនឹងបន្តតាមដាន ស្រាវជ្រាវ លើកិច្ចការងារនេះបន្ថែមទៀត ដើម្បីនាំជនល្មើសឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់៕ អត្ថបទ ៖ ចក់





