ភ្នំពេញ៖ អ្នកជំនាញក្នុងផ្នែកកសិកម្ម ចង់ឲ្យកសិករតម្រង់ទិសនៃការដាំដុះស្រូវ ជាប្រភេទស្រូវដែលមានគុណភាពខ្ពស់ ផលិតចេញជាអង្ករប្រណិត ងាយស្រួលរកទីផ្សារ និងលក់បានថ្លៃ ដែលជាផ្នែកមួយដល់បង្កើនផលិតកម្មស្រូវអង្ករកម្ពុជា ទាំងការផលិត និងការនាំចេញ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា វិស័យកសិកម្មគឺចន្ទល់រឹងមាំរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ នេះ បាន ដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចាកោណ ក្នុងនោះបានផ្សារភ្ជាប់ លើកកម្ពស់វិស័យឯកជន ដើម្បីជំរុញការស្វែងរកទីផ្សារ និងផលិតភាពនៃការផលិត ឲ្យត្រូវនិងតម្រូវការទីផ្សារសម្រាប់ការនាំចេញ ។
អ្នកឧកញ៉ា ដើម្បីជំរុញឲ្យកាន់តែប្រសើរ កសិករគួរតម្រង់ទិសនៃការដាំសុះស្រូវជាប្រភេទស្រូវក្រអូប ជាអង្ករមានគុណភាព អាចលក់បានថ្លៃ ដែលជាចំណែកមួយជួយកាត់បន្ថយថ្លៃដើមផលិតបានល្អប្រសើរ ខណៈការនាំចេញអង្ករមានតម្លៃថោក ក៏មានការចំណាយប្រហាក់ប្រហែលគ្នា ។
សូមរំលឹកថា ក្នុងដំណើរបំពេញការងារក្រៅប្រទេសជាផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនូវភាពជោគជ័យជូនជាតិ មាតុភូមិជាច្រើន ជាក់ស្តែងបេសកម្មរបស់សម្តេចធិបតី នៅប្រទេសឥណ្ឌូនេស៊ី, ឥណ្ឌូនេស៊ីបានឯកភាពទិញ អង្កររបស់កម្ពុជា ក្នុងរង្វង់ ២៥ម៉ឺនតោន ។
ប្រទេសចិនបានគាំទ្រដល់ការនាំចេញកសិផលរបស់កម្ពុជាបន្ថែម ក្នុងនោះចំពោះការ នាំចេញអង្ករ ចិននិងបន្ថែមបរិមាណនៃការនាំចេញអង្កររបស់កម្ពុជា ចូលទៅទីផ្សាររបស់ខ្លួន ក្នុងរង្វង់ប្រមាណ ៥០ម៉ឺនតោន នាពេលខាងមុខ។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម បង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ ការប៉ាន់ស្មាន តម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួនជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃពីការនាំចេញអង្ករមាន ចំនួនជាង ៣៤៧ លានដុល្លារអាមេរិក ខណៈតម្លៃការនាំចេញស្រូវ មានចំនួនជាង ៦១៨ លានដុល្លារអាមេរិក និងតម្លៃការនាំចេញកសិផល ក្រៅពីស្រូវ-អង្ករ មានចំនួនជាង ២ ពាន់លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី