ភ្នំពេញ ៖ កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលនឹងប្រព្រឹត្តិទៅរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
បើយោងតាមអាជ្ញាធរមីនដែលបានឱ្យដឹងនៅថ្ងៃទី ៦ តុលា ២០២៣នេះ បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលនេះ គឺជាការបង្ហាញអំពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជាក្នុងនាមជារដ្ឋភាគីអនុ សញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ។ដោយសន្និសីទនេះក៍នឹងមានតំណាងមកពីប្រទេស ចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័នដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធចូលរួមផងដែរ។
ឯកឧត្តមលី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនបានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣នៅកម្ពុជានាប៉ុន្មានថ្ងៃខាងមុខនេះទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តទទួលការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលនេះបានបង្ហាញពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា ក្នុង នាមជារដ្ឋភាគីនៃអនុសញ្ញាតអន្តរជាតិ ស្តីពីការហាម ប្រាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី បានបន្តថា សន្និសិទសកលនេះក៍ធ្លាប់ប្រារព្ធចំនួន២លើក មកហើយ គឺលើកទី១នៅប្រទេសកូឡុំប៊ីក្នុងឆ្នាំ២០១៤ និងលើកទី២នៅប្រទេសហ្សកដានី ក្នុងឆ្នាំ២០១៩។ ចំណែកលើកទី៣ក្នុងឆ្នាំ២០២៣នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រការ អនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកល នៃសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីជាម្ចាស់ផ្ទះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សន្និសីទសកលនេះគឺមានគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាពអូស្លូក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្តល់វេទិកាជូនរដ្ឋភាគីនៃអនុសញ្ញាធ្វើការរាយការណ៍ពីវឌ្ឍនភាពក៏ដូ ចជាក្លាយជាវេទិកាមួយសម្រាប់អ្នកតំណាងសហគមន៍ដែលរងផលប៉ះពាល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជនមានពិការភាព អ្នកចូលរួមអនុវត្ត តំណាងរដ្ឋភាគី និងសង្គមស៊ីវិល បានបង្ហាញពីដំណើរនៃកិច្ចសហប្រតិបត្តិការ ស្មារតីរួបរួមគ្នា មេត្តាធម៌ និងការប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដែលជួបប្រទះក្នុងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងកាតព្វកិច្ចដែលលើសពីការងារបោស សម្អាតមីន។ជាងនេះទៅទៀត បទពិសោធន៍ និងទស្សនៈល្អៗ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ខាងមុខ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដែលនឹងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេស ចូលរួមផងនោះ៕ អត្ថបទ ៖ ភារម្យ














