ភ្នំពេញ៖ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល ខណ្ឌ៧មករា និងលោកស្រី ឥន លីម្មី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៨ នៅវត្តសំពៅមាស នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៨នេះ ក៏មានការអញ្ជើញចូលរួម ពី ប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនាផងដែរ។
គួរបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំ ម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏បានបានបង្ហាញពីមនោសញ្ចេតនាគ្រួសារខ្មែរ ស្គាល់បុណ្យ ស្គាល់បាប និងតែងនឹករលឹកដល់បុព្វការីជន ដែលបានចែកឋានទៅ។ ម៉្យាងទៀត ក៏ជាឱកាសជួបជុំ សាច់ញាតិ បងប្អូនធ្វើបុណ្យទាន ក៏ដូចជាការរួមចំណែក លើកដំកើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕ អត្ថបទ៖ កុម្ភៈ














