បង់ក្លាដែស ៖ ប្រទេសបង់ក្លាដែសទទួលបានការដឹកជញ្ជូនឥន្ធនៈអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ីជាលើកដំបូង សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរទី១ របស់ខ្លួន ខណៈដែលប្រទេសនេះក្លាយជាប្រទេសទី៣៣ នៅលើពិភពលោកដែលផលិតថាមពលនុយក្លេអ៊ែរ។
ប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទី១ ក្នុងចំណោមរោងចក្រនុយក្លេអ៊ែរចំនួន២ ដោយសហការជាមួយក្រុមហ៊ុនបរមាណូRosatom ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសរុស្ស៊ី។ ៩០ភាគរយនៃគម្រោងតម្លៃ ១២,៦៥ពាន់លានដុល្លារ ត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈប្រាក់កម្ចីរបស់រុស្ស៊ី ដែលអាចសងវិញក្នុងរយៈពេល ២៨ឆ្នាំ ដោយមានរយៈពេលអនុគ្រោះ ១០ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) អំឡុងសន្និសីទតាមរយៈវីដេអូអនឡាញជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលស្ថានទូតរុស្ស៊ីប្រចាំនៅបង់ក្លាដែស បានហៅឈ្មោះថា «ពិធីចែកចាយឥន្ធនៈនុយក្លេអ៊ែរ» នោះ នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បាននិយាយថា៖ «ថ្ងៃនេះជាថ្ងៃដ៏មានមោទនភាព និងរីករាយបំផុត សម្រាប់ប្រជាជនបង់ក្លាដែស»។
ដោយថ្លែងរួមជាមួយលោកស្រី Hasina តាមរយៈវីដេអូអនឡាញនោះ លោក Putin បានអរគុណដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សម្រាប់ការត្រួតពិនិត្យគម្រោងនេះ ដែលបានមកពីកិច្ចព្រមព្រៀងទ្វេភាគីក្នុងឆ្នាំ២០១១។ ប្រធាន IAEA លោក Rafael Grossi បានបង្ហោះសារអបអររបស់លោកនៅលើបណ្ដាញសង្គមផងដែរ.
គួរបញ្ជាក់ថា វគ្គដំបូងនៃរោងចក្រដែលមានសមត្ថភាពផលិតសរុបអគ្គិសនី ២.៤០០មេហ្គាវ៉ាត់ គ្រោងនឹងចាប់ផ្តើមដំណើរការ នៅខែកក្កដា ឆ្នាំក្រោយ ប៉ុន្តែត្រូវបានពន្យារពេល៕

