
ភ្នំពេញ៖ រាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿងដដែលក្នុងរយៈពេលមួយសប្ដាហ៍ទៀត លើកលែងតែភូមិចំនួន២ នៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌពោធិសែនជ័យ ដែលបិទខ្ទប់រក្សាជាតំបន់លឿងទុំ។
វិធានការរដ្ឋបាលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ នឹងបន្តរយៈពេលមួយសប្តាហ៍ទៀត ពោល គឺចាប់ពីថ្ងៃទី០២ នេះ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយអាជ្ញាធររាជធានីភ្នំពេញនៅតែរក្សាតំបន់លឿង លើកលែងតែភូមិចំនួន ២ នៅក្នុងខណ្ឌឫស្សីកែវ និងខណ្ឌពោធិសែនជ័យ ត្រូវនៅរក្សាជាតំបន់លឿងទុំដដែល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត។
នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេងផ្ទាល់ របស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ នាសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដែលដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ លោក លោកស្រី ជាអភិបាលខណ្ឌទាំង១៤ បានរាយការណ៍ពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់ខណ្ឌ និងបានស្នើសុំទៅកាន់គណៈអភិបាលរាជធានីឱ្យមូលដ្ឋានខណ្ឌរបស់ខ្លួននីមួយនៅតែរក្សាជាតំបន់លឿងដដែល លើកលែងតែ២ភូមិប៉ុណ្ណោះ ដែលសុំរក្សានៅជាតំបន់លឿងទុំ នោះគឺនៅសហគមន៍AB ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងភូមិព្រៃទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ដោយសារតែភូមិទាំង២នេះកំពុងប្រឈមនូវហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៅឡើយ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ ពង្រឹងការងារឱ្យបានម៉ត់ចត់បំផុតលើការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩។
ចំពោះតំបន់លឿងទុំ ២ភូមិខាងលើត្រូវតែម៉ឺងម៉ាត់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត រីឯតំបន់លឿង ដែលបើកឱ្យដំណើរការជាប្រក្រតីភាពឡើងវិញនោះ ក៏ត្រូវតែម៉ឺងម៉ាត់ដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ អភិបាលរាជធានីភ្នំពេញបានទទួលព័ត៌មានថា មានទីតាំងខ្លះមានលួចបើកខារ៉ាអូខេ ហាងម៉ាស្យា និងលួចបើកល្បែងស៊ីសងជាបណ្ដើរៗហើយ ពិសេសខណ្ឌនៅជាយក្រុង ដូច្នេះអភិបាលខណ្ឌ ត្រូវចុះបង្ក្រាបឱ្យខាងតែបាន ព្រោះមានហានិភ័យខ្ពស់ណាស់នៃការឆ្លងរីករាលដាលជំងឺកូវី-១៩ ហើយម្ចាស់ទីតាំងនឹងប្រឈមមុខបញ្ជូនទៅតុលាការអនុវត្តទោសទៅតាមច្បាប់ បើការលួចលាក់បើកទីតាំងទាំងនោះ បានឆ្លងរាលដាលជំងឺកូវីដ-១៩ ។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ក្នុងរយៈពេលជាង៣ខែនេះ យើងហត់នឿយណាស់ហើយក្នុងកិច្ចការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ប៉ុន្តែ យើងត្រូវតែរួមគ្នាបន្តទៀតកុំឱ្យស្ថានភាពអាក្រក់នោះ វិលមកជាថ្មីឡើងវិញឱ្យសោះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

