អាមេរិក ៖ លោក Elon Musk ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោក កំពុងត្រូវបានប្តឹងដោយគណៈកម្មាធិការមូលបត្រសហរដ្ឋអាមេរិក (SEC) ដែលព្យាយាមជំរុញរូបលោកឲ្យផ្តល់សក្ខីកម្មជាផ្នែកមួយនៃការស៊ើបអង្កេតលើការកាន់កាប់របស់លោកលើបណ្ដាញសង្គមខ្នាតយក្ស Twitter ដែលមានតម្លៃ ៤៤ពាន់លានដុល្លារ។
ការស៊ើបអង្កេត ដែលបង្កើនជម្លោះដ៏យូរអង្វែង រវាង SEC និង Musk ធ្វើឲ្យមានការបារម្ភថា តើលោក Musk បានបំពានច្បាប់មូលបត្រសហព័ន្ធ នៅឆ្នាំ២០២២ នៅពេលដែលរូបលោកបានទិញភាគហ៊ុន នៅក្នុងបណ្ដាញសង្គម Twitter ដែលត្រូវបានប្តូរឈ្មោះទៅជាបណ្ដាញសង្គម X ក៏ដូចជាសេចក្តីថ្លែងការណ៍ និងឯកសាររបស់ SEC ដែលរូបលោកបានធ្វើទាក់ទងនឹងកិច្ចព្រមព្រៀង។
SEC ក្នុងខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថាប័នកំពុងទន្ទឹងរង់ចាំការលាតត្រដាងរបស់លោក Musk អំពីភាគហ៊ុនរបស់លោកនៅ Twitter ដោយចោទសួរថា តើលោកដាក់ឯកសារត្រឹមត្រូវដែរ ឬទេ។
SEC ក្នុងឯកសារកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ខ្លួនបានកោះហៅ លោក Musk កាលពីខែឧសភា ឆ្នាំ២០២៣ ដោយតម្រូវឲ្យលោកផ្តល់សក្ខីកម្ម នៅការិយាល័យ SEC ក្នុងទីក្រុង San Francisco ហើយថា លោក Musk បានយល់ព្រមបង្ហាញខ្លួននៅថ្ងៃទី១៥ ខែកញ្ញា។ ប៉ុន្តែ SEC បានបន្ថែមថា នៅ ២ថ្ងៃមុន លោក Musk បានលើកឡើងពី «ការជំទាស់មិនពិតជាច្រើន» ហើយបានប្រាប់ SEC ថា លោកនឹងមិនចូលទៅបង្ហាញខ្លួនទេ៕

