ភ្នំពេញ ៖ ប្រជាពលរដ្ឋបានបង្ហាញនូវក្តីសប្បាយចិត្ត និងរីករាយបំផុតចំពោះការបន្តគិតគូរយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល តាមរយះសាលារាជធានីភ្នំពេញ ដោយបានរៀបចំរថយន្តក្រុងចំនួន៤៥៥គ្រឿង បម្រើដល់សេវាដឹកជញ្ចូនសាធារណះដោយឥតគិតថ្លៃ រយះពេល០៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជូនចំពោះបងប្អូនកម្មករ-និយោជិត និងពលរដ្ឋទូទៅទាំងអស់ សម្រាប់ជិះធ្វើដំណើរទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរខាងមុខនេះ ។
ពលរដ្ឋ បានថ្លៃងអំណរគុណរាជរដ្ឋាភិបាល តាំងពីរដ្ឋាភិបាលអាណត្តិចាស់ ដែលមានសម្តេតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី រហូតបន្តមកដល់រដ្ឋាភិបាលអាណត្តិទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំប្រទេស ដែលសម្តេចបានបន្តការគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ គ្រប់កាលះទេសះ ពិសេសនោះ គឺការផ្តល់រថយន្តក្រុងជិះឥតគិតថ្លៃ នៅរៀងរាល់រដូវពេលបុណ្យទាន ឬបុណ្យជាតិធំៗជាដើម ។
ពលរដ្ឋបន្តថា ៖ វាជាការកាត់បន្ថយការចំណាយប្រាក់កាសមួយផ្នែកធំផងដែរសម្រាប់ការជិះធ្វើដំណើរទៅស្រុកកំណើតទាំងទៅទាំងមក ដោយពួកគាត់អាចសល់លុយកាក់ខ្លះ សម្រាប់ជូនបងប្អូនសាច់ញាតិឪពុកម្តាយ ក៏ដូចជាសល់សម្រាប់ការយកទៅធ្វើបុណ្យដាក់បាត តាមទីវត្តអារាមនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្យផងដែរ ។
សូមបញ្ជាក់ថា រថយន្តក្រុងទាំង៤៥៥គ្រឿងដែលនឹងត្រៀមសម្រាប់ដឹកជញ្ចូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះ ចែកចេញជា២ផ្នែក គឺក្នុងនោះ រថយន្ត៦០គ្រឿង ប្រើប្រាស់សម្រាប់តែការដឹកជញ្ចូនពលរដ្ឋក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ និងនៅសល់ ៣៩៥គ្រឿងទៀត គឺប្រើប្រាស់សម្រាប់ដឹកជញ្ចូនពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនានា និងពីបណ្តាលខេត្តនានា ត្រឡប់ចូលមករាជធានីភ្នំពេញវិញក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ ។
ក្នុងនោះដែរ អាជ្ញាធររាជធានី បានកំណត់យកទីតាំងចំណតរថយន្តក្រុងចំនួន០៦ទីតាំង សម្រាប់បងប្អូនពលរដ្ឋ ទៅទទួលការដឹកជញ្ចូនដោយឥតគិតថ្លៃ ក្នុងនោះរួមមាន ៖
ទី1 /នៅស្ថានីយ៍ចំណតវាលស្បូវផ្លូវជាតិលេខ១
ទី2 / ចំណតនៅទល់មុខព្រះវិហាយីស៊ូគ្រីស្ទ ទល់មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ទី3 / ស្ថានីយ៍រថយន្តក្រុងផ្លូវ២០០៤ ( ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស )
ទី4 / ស្ថានីយ៍រថយន្តក្រុងសួនច្បារឬស្សីកែវ
ទី5 / ដីឡូតិ៍តំបន់ OCIC ជ្រោយចង្វា ( រង្វង់មូលទេពមច្ឆា)
ទី6 / ស្ថានីយ៍រថយន្តក្រុងរង្វង់មូលគួចកាណុង ៕
អត្ថបទ ៖ លីហេង








