ភ្នំពេញ ៖ រាជរដ្ឋាភិបាលក្នុងរដូវកាលកាន់បិណ្ឌមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់ នេះបាននិមន្តព្រះសង្ឃ៤៤អង្គដើម្បីសូត្រមន្ត រាប់បាត្រ បង្សុកូលឧទ្ទិសកុសល្យផលបុណ្យ ដល់ព្រលឹងជនរងគ្រោះបាត់បង់ជីវិតដោយភាពអយុត្តិធម៌ជាង ១ម៉ឺន៨ពាន់នាក់ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី៨ នាព្រឹកថ្ងៃទី៧តុលា ឆ្នាំ២០២៣។
ពិធីនេះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់អញ្ជើញជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង មន្ត្រីរាជការ ប្រជាពលរដ្ឋសាច់ញាតិជនរងគ្រោះដែលបាត់បង់ជីវិតនៅគុកទួលស្លែង បានមកចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការធ្វើពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅសារមន្ទីរទួលស្លែងនាពេលនេះ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ត អ្នកដែលបានបាត់បង់ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) នេះក្នុងរបបប្រល័យពូជសាសន៍ និងក៍ជាការឧទ្ទិសកុសលជូនដល់ញាតិការទាំង៧សណ្តាន ដែលបានបាត់បង់ជីវិតផងដែរ ។
សូមជម្រាបជូនថា ពិធីនេះតែងបានធ្វើជារៀងរាល់ឆ្នាំដោយមានការនិមន្តព្រះសង្ឃបង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជ សាសន៍ប៉ុលពត នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅ ពេលកាន់បិណ្ឌភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការប្រគេនចង្ហាន់បិណ្ឌបាត្រដល់ព្រះ សង្ឃ ទៅដល់ដល់ប្រជាជនខ្មែរទាំងអស់ ដែលអ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារនិងអ្នកខ្លះ ក៏បានបាត់ បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិតទាំងវេទនា ដោយការធ្វើទារុណ កម្មយ៉ាងព្រៃផ្សៃនៅក្នុងគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់ បង់ជីវិតរាប់លាននាក់នៅទូទាំងប្រទេសផងដែរ៕ អត្ថបទ ៖ ភារម្យ













