អេស្ប៉ាញ ៖ ជនអន្តោប្រវេសន៍រាប់រយនាក់បានទៅដល់តាមទូក៣គ្រឿង ក្នុងការព្យាយាមទៅដល់កោះកាណារី (Canary Islands) កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ថ្ងៃទី ៦ ខែតុលា ស្របពេល មានការកើនឡើងនៃការឆ្លងដែនតាមសមុទ្រ ខណៈក្រុមមេដឹកនាំអឺរ៉ុបកំពុងប្រជុំនៅប្រទេសអេស្ប៉ាញដើម្បីស្វែងរកវិធីដើម្បីជៀសវាងវិបត្តិជនអន្តោប្រវេសន៍ថ្មី។
ប្រទេសអ៊ីតាលី និងអេស្ប៉ាញបានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃការធ្វើអន្តោប្រវេសន៍មិនទៀងទាត់នៅឆ្នាំនេះ ទៅកាន់កោះរបស់ពួកគេនៅសមុទ្រមេឌីទែរ៉ាណេ ឬនៅអាត្លង់ទិក។ ទីក្រុង ម៉ាឌ្រីដ បាននិយាយថា ខ្លួនមិនអាចទប់ទល់នឹងការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ដោយគ្មានជំនួយពីសហភាពអឺរ៉ុបនោះទេ។
សេវាសង្គ្រោះបន្ទាន់បាននិយាយថា ពួកគេបាននាំជនអន្តោប្រវេសន៍ ចំនួន១០៣ នាក់ក្នុងចំណោម ២៦២ នាក់ដែលត្រូវបានជួយសង្គ្រោះទៅកាន់ កោះអេល ហេរ៉ូ (El Hierro) ភាគខាងលិចបំផុត និងតូចបំផុតនៃកោះ Canary ដែលបានទទួលជនអន្តោប្រវេសន៍ ច្រើនជាង ១.២០០ នាក់ ក្នុងរយៈពេល៦ថ្ងៃចុងក្រោយនេះ។
លោក ហ្វើណាដូជ ក្លាវីចូ(Fernando Clavijo) ប្រធានរដ្ឋាភិបាលប្រចាំតំបន់របស់កោះ Canary បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេវាសុខភាពរបស់ កោះអេល ហេរ៉ូ(El Hierro) ដែលមានប្រជាពលរដ្ឋរស់នៅ ត្រឹមតែ ១១.០០០នាក់ ទទួលបានទទួលចំនួនមនុស្សច្រើនលើសលប់ រាល់ពេលដែលទូកបានទៅដល់កំពង់ផែនោះ៕

