បូលីវី ៖ នៅក្រោមពន្លឺថ្ងៃដ៏ក្ដៅ ប្រជាជនបូលីវីជាងបីរយនាក់កាលពីថ្ងៃសុក្រទី៦ ខែតុលា បានដើរដង្ហែទៅកាន់វាលទំនាបក្ដៅហួតហែង នៅជិតទំនប់ទឹក អ៊ីនកាចាកា(Incachaca) ដែលអាចមើលឃើញទីក្រុង ឡាប៉ាស់ (La Paz) ដោយប្រមូលផ្តុំគ្នាបួងសួងសុំទឹកភ្លៀង និងបញ្ចប់គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលបានគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹករបស់ពួកគេ។
ក្រុមហ៊ុនផ្គត់ផ្គង់ទឹករដ្ឋរបស់បូលីវី EPSAS បានព្រមានថា អាងស្តុកទឹកចំនួន១០ ដែលផ្គត់ផ្គង់ទឹកសម្រាប់ទីក្រុងឡាប៉ាស់ ជាទីក្រុងធំជាងគេមួយ ក្នុងចំណោមទីក្រុងធំៗ បំផុតជាច្រើនរបស់ប្រទេសនេះ ដែលមានប្រជាជនប្រហែល ២,២ លាននាក់រស់នៅ មានទឹក អាចផ្គត់ផ្គង់ ត្រឹមតែ ១៣៥ ថ្ងៃប៉ុណ្ណោះ។
បើគ្មានភ្លៀងធ្លាក់ខ្លាំងទេ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុងដែលមានកម្ពស់ខ្ពស់នឹងត្រូវអស់នៅខែកុម្ភៈ។ រដូវវស្សានឹងចាប់ផ្តើមនៅខែធ្នូ ប៉ុន្តែការព្យាករណ៍ចុងក្រោយនេះ ពុំបានផ្ដល់ក្ដីសង្ឃឹមនៃការធ្លាក់ភ្លៀងទេ ។
ទីភ្នាក់ងារឧតុនិយមជាតិបាននិយាយថា គេរំពឹងថានឹងអាចមានភ្លៀងធ្លាក់តិចតួចប៉ុណ្ណោះ ដោយសារតែបាតុភូតអាកាសធាតុដែលគេស្គាល់ថា អេលនីញ៉ូ (El Nino) ជាការឡើងកំម្ដៅសីតុណ្ហភាពនៅលើផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត និងកណ្តាល មានជាប់ទាក់ទងទៅនឹងលក្ខខណ្ឌអាកាសធាតុហួតហែងខ្លាំងនេះ៕

