
កំពត៖ រដ្ឋបាលខេត្តកំពត បានប្រកាសនៅថ្ងៃនេះថា បានរកឃើញប្រជាពលរដ្ឋ ៦០នាក់ថ្មីទៀត បានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាបុគ្គលិកកាស៊ីណូនៅច្រកទ្វារព្រំដែនអន្តរជាតិតន់ហន់ និងប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើបុគ្គលិកកាស៊ីណូ ២៤រូប ប្រជាពលរដ្ឋកសិករ ២៧នាក់ អ្នករកស៊ី ៤នាក់ និងសិស្សសាលា ២នាក់។
រដ្ឋបាលខេត្តនេះបញ្ជាក់ទៀតថា អ្នកជំងឺកូវីដ-១៩ ដែលទើបរកឃើញថ្មីនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណនៃវិទ្យាល័យព្រះបិតាជាតិ និងមណ្ឌលព្យាបាលក្នុងអគារកាស៊ីណូ សុខ គីមម៉េង។
ខេត្តកំពតបានរកឃើញប្រជាពលរដ្ឋកាន់តែច្រើនបានឆ្លងមេរោគកូវីដ-១៩នៅក្នុងរយៈពេលប៉ុន្មានចុងក្រោយមកនេះ ដែលភាគច្រើនពាក់ព័ន្ធនឹងការឆ្លងរីករាលដាលនៅកាស៊ីណូ សុខ គីមម៉េង ស្ថិតនៅច្រកព្រំដែនតន់ហន់៕