ភ្នំពេញ ៖ សមាជិកមូលនិធិត្រីចក្រយានកម្ពុជា រាជធានីភ្នំពេញ ២៩៩នាក់ទទួលបានថវិកា និងគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឱ្យឯកឧត្ដម ឃួង ស្រេង ប្រធាមក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាយកចិត្តទុកដាក់ និងមើលថែពីសុខទុក្ខសមាជិកដែលជាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញជានិច្ច។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ សមាជិកមូលនិធិស៊ីក្លូចំនួន ២៩៩នាក់ក្នុងរាជធានីភ្នំពេញ បានទទួលថវិកា និងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់សមាជិកបន្ថែមទៀត ដើម្បីឱ្យសមាជិកបានប្រើប្រាស់ និងទៅវត្តធ្វើបុណ្យទាន ក៏ដូចជាជួបជុំក្រុមគ្រួសារ ។
លោក ម៉េត មាសភក្តី បន្តថា សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសមាជិកមូលនិធិស៊ីក្លូ ពោលគឺឱ្យតែមានពិធីបុណ្យជាតិធំៗម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនជានិច្ច។ ក្រៅពីនេះ អ្នកធាក់ស៊ីក្លូទាំង ២៩៩នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែសមាជិកអាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងការផ្តល់ជូនបណ្ណ ប. ស. ស ដើម្បីអាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា។
សូមជម្រាបជូនថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកនោះ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










