ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៧ខែតុលានេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្សាយរបស់វិទ្យុបារាំង (RFI) អំពីករណីការឈូសឆាយផ្លូវចូលក្នុងដែនជម្រកព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រង។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យុបារាំងអន្តរជាតិ (RFI) បានផ្សាយអំពី ករណីជនមិនស្គាល់មុខធ្វើការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ផ្អែកលើរូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទ ជាហេតុធ្វើឲ្យសាធារណជនមានការយល់ច្រឡំថា ជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថានសូមធ្វើការបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើទេ។ ចំពោះផ្លូវដែលព័ត៌មាន RFI បានផ្សាយ គឺជាករណីដែលក្រុមការងារពង្រឹងការអនុវត្តច្បាប់ បានបង្ក្រាបនិងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈសំណុំរឿងលេខ០២០/២៣ បស្ថ.ក្រច ដែលបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងចាត់ការតាមនីតិវិធី។
ក្រសួងបរិស្ថានសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបផងដែរថា រាល់សកម្មភាពបទល្មើស កាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថានគ្រប់គ្រង គឺត្រូវបានចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មិនមានការលើកលែងឡើយ៕ ដោយ ÷ សោភណ្ឌ

