សារព័ត៌មានអ៊ីស្រាអែល បានរាយការណ៍ថា មនុស្សយ៉ាងហោច ២៥០នាក់ បានស្លាប់ ហើយក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍ថា មនុស្សជាង ១.៥០០នាក់ បានរងរបួសពីការវាយប្រហាររបស់យោធាប៉ាឡេស្ទីន ។
ដោយឡែក យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោច ២៣២នាក់ និងមនុស្សជិត ១.៧០០នាក់ បានរងរបួស ។ ចំនួនមនុស្សស្លាប់នៅភាគីទាំង ២ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត ។

សូមបញ្ជាក់ថា នៅក្នុងចំណោមរ៉ុក្កែតដែលបានបាញ់ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ រ៉ុក្កែតខ្លះ បានគេចផុតពីប្រព័ន្ធការពារមីស៊ីល Iron Dome បណ្តាលឲ្យមានការខូចខាតដល់តំបន់ភាគខាងជើង និងភាគកណ្តាលទីក្រុងតែល អាវីវ ទីក្រុងបាតយ៉ាម និងទីក្រុងហ៊្សេរុយសាឡឹម ។
កងពលតូច Al-Qassam និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រ៉ុក្កែត និងគ្រាប់កាំភ្លើងធំ ៥ពាន់គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ទៅលើអ៊ីស្រាអែល អំឡុងប្រតិបត្តិការ ២០នាទីដំបូង ។
ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពអ៊ីស្រាអែល និយាយថា រ៉ុក្កែតប្រហែល ២.២០គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្រ្ទីប មកលើអ៊ីស្រាអែល៕ អត្ថបទ៖ សារ៉ាត់
