សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា និស្សិតខ្មែរ បីរូបត្រូវបានអគ្គកុងស៊ុលខ្មែរប្រចាំនៅប្រទេសអ៊ីស្រាអែលជួយសង្រ្គោះចេញពីតំបន់ក្រហម (តំបន់គ្រោះ ថ្នាក់) ខណៈនិស្សិតខ្មែរបីនាក់នេះស្ថិតនៅជាមួយនិស្សិតខ្មែរដែលបានបាត់បង់ជីវិតក្រោយវាយប្រហាររវាង កងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់កាលពីថ្ងៃទី៧ម្សិលមិញនោះ។
តាមរយៈសារសំឡេងបន្ទាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា ក្រោយទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់បានស្លាប់នៅប្រទេសអ៊ីស្រាអែល ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីម្សិលមិញមក សម្តេចសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ ហើយសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារជនរងគ្រោះផងដែរ និងមួយវិញទៀត សម្តេច ក៏បានបញ្ជាក់ផងដែរថា នាពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ អ៊ី ស្រាអែលដើម្បីធ្វើបុណ្យសព និងសម្របសម្រួល ដើម្បីធ្វើមាតុភូមនិវត្តសពរបស់និស្សិតដែលបានបាត់បង់ ជីវិតនោះមកកម្ពុជាវិញផងដែរ ខណៈបុណ្យសពនេះគឺជាបន្ទុករបស់រាជរដ្ឋាភិបាល។
តាមរយៈសារសំឡេងបន្ទាន់នេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ប្រាប់ដល់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ីស្រាអែលផងដែរថា នាពេលនេះរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ជាប្រចាំអំពីសុវត្ថិភាពរបស់បងប្អូនខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ហើយរាជរដ្ឋាភិបាលក៏កំពុងធ្វើការទំនាក់ទំនងឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពរបស់បងប្អូនដែលកំពុងរស់នៅទីនោះ ហើយជាងនេះទៅទៀតសម្តេចធិបតីក៏សូមជូនពរដល់បងប្អូនទាំងអស់ ដែលរស់នៅទៅនោះសូមទទួលបាននូវសុខសុវត្ថិភាពគ្រប់ៗគ្នាផងដែរ៕ អត្ថបទ៖ បាន ចក់
