ក្រុមអាជ្ញាធរជួយសង្រ្គោះគ្រោះមហន្តរាយ បាននិយាយថា ចំនួនមនុស្សស្លាប់ពីការរញ្ជួយដីនៅតំបន់ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ១២០នាក់ ក្នុងនោះមនុស្ស ១ពាន់នាក់បន្ថែមទៀត បានរងរបួស ស្របពេលដែលក្រុមគ្រួសារ បានកាយគំនរបាក់បែកដើម្បីជួយសង្រ្គោះសាច់ញាតិដែលជាប់ខ្លួនរបស់ពួកគេ ។
មន្ទីរភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ ស្ថិតនៅចម្ងាយ ៤០គ.មភាគពាយ័ព្យខេត្ត Herat ហើយបន្ទាប់មកកើតមានរលករញ្ជួយចំនួន ៨លើកដែលមានកម្រិតចន្លោះពី ៤.៣រ៉ិចទ័រ និង ៦.៣រ៉ិចទ័រ ។
នៅពេលយប់មកដល់ក្នុងភូមិ Sarboland នៃស្រុក Zinda Jan ស្ថិតនៅខេត្តជនបទ Herat អ្នកធ្វើសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFPបានមើលឃើញផ្ទះជាច្រើនខ្នង បានរាបដល់ដី ស្ថិតនៅជិតចំណុចកណ្តាលនៃការរញ្ជួយដី ។
ក្រុមមនុស្សប្រុស បានប្រើប៉ែល ដើម្បីកាយគំនរបាក់បែក ខណៈស្រ្តី និងក្មេងៗ ឈរចាំខាងក្រៅ ដើម្បីរង់ចាំទទួលដំណឹងសាច់ញាតិដែលបាត់ខ្លួនរបស់ពួកគេ ។
លោក Bashir Ahmad វ័យ ៤២ឆ្នាំនិយាយថា មាននូវសំឡេងឮខ្លាំងណាស់ ហើយនៅពេលការរញ្ជួយដីដំបូង ផ្ទះទាំងអស់បានរាបដល់ដី ។
លោកបន្តថា អ្នកដែលនៅក្នុងផ្ទះ ពួកគេបានជាប់ក្រោមគំនរបាក់បែក ។ មាននូវសាច់ញាតិដែលពួកយើងពុំទាន់ទទួលបានដំណឹងពីពួកគេ ៕

