ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសន្យាគាំទ្ររឹងមំាដូចថ្មដល់អ៊ីស្រាអែល ដើម្បីប្រឈមនឹងអ្វីដែលលោកចាត់ទុកថាជាការវាយប្រហារភេរវកម្ម ដោយក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ក្នុងនោះការប្រកាសជំនួយយោធាសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកថានឹងជិតកើតមាន។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា កិច្ចពិភាក្សាកម្រិតខ្ពស់រវាងក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីអ៊ីស្រាអែលលើជំនួយយោធា បានធ្វើរួចរាល់ ក្នុងនោះសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីងតោន នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះ ។
លោក Biden បានចាត់ទុកការវាយប្រហារមួយនេះថាជាសោកនាដកម្មដ៏អាក្រក់បំផុតមកលើមនុស្ស ហើយលោកនិយាយថា លោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីបញ្ជាក់ពីការគាំទ្ររបស់លោក ។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ពីសេតវិមានថា ខ្ញុំបាននិយាយប្រាប់គាត់ថា សហរដ្ឋអាមេរិកនឹងឈរខាងប្រជាពលរដ្ឋអ៊ីស្រាអែល ដើម្បីប្រឈមនឹងការវាយប្រហារភេរវកម្មទាំងអស់នេះ ។ លោកបន្តថា នៅក្នុងរដ្ឋបាលរបស់លោក ការគាំទ្រសន្តិសុខអ៊ីស្រាអែល គឺរឹងមាំដូចថ្ម ហើយនិងឥតងាករេ ។
លោកនិយាយទៀតថា ពួកយើងប្រាកដខ្លាំងណាស់ថា ពួកគេត្រូវការជំនួយដែលពលរដ្ឋរបស់ពួកគេត្រូវការ ហើយពួកគេអាចបន្តការពារខ្លួនពួកគេបាន ។
ដោយឡែក រដ្ឋមន្រ្តីក្រសួងការបារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីងតោន ដោយលោកនិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ក្រសួងការពារជាតិ នឹងធ្វើការដើម្បីធានាថា អ៊ីស្រាអែល មានអ្វីដែលពួកគេត្រូវការ ៕
