ទីភ្នាក់ងារព័ត៌មាន Anadolu រាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបំផ្លិចបំផ្លាញអគារកម្ពស់ ១៤ជាន់របស់អ្នកស្រុក នៅកណ្តាលតំបន់ហ្គាហ្សា ស្របពេលដែលសង្រ្គាមនៅតែបន្តជាមួយក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។

អគារជាច្រើនផ្សេងទៀត បានក្លាយជាគោលដៅវាយប្រហារផងដែរដោយយន្តហោះចម្បាំងអ៊ីស្រាអែល នៅទូទាំងដែនដីបិទច្រកមួយនេះ រួមទាំងអគាររស់នៅរបស់អ្នកស្រុក និងអគារសាធារណៈ។
លោក Iyad al-Bozom គឺជាអ្នកនាំពាក្យក្រសួងមហាផ្ទៃដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា និយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហាររាប់រយលើកមកលើគោលដៅខុសៗគ្នានៅទូទាំងតំបន់ហ្គាហ្សា ។

យោងតាមការអះអាងរបស់ក្រុមហាម៉ាស់ បានឲ្យដឹងថា ការវាយប្រហារដ៏គួរភ្ញាក់ផ្អើលរបស់ពួកគេ គឺដើម្បីឆ្លើយតបនឹងការប្រមាថព្រះវិហារ Al-Aqsa Mosque និងការកើនឡើងអំពើហិង្សារបស់ក្រុមតាំងលំនៅនិគម ។ ពួកគេនិយាយថា ពួកគេបានវាយប្រហារដោយរ៉ុក្កែតទៅលើអ៊ីស្រាអែល និងបានចាប់ខ្លួនជនជាតិអ៊ីស្រាអែលជាច្រើននាក់៕

