
ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានសម្រេចបិទខ្ទប់ភូមិចំនួន ៣ ស្ថិតក្នុងស្រុកសាលាក្រៅ បន្ទាប់ពីបានរកឃើញប្រជាពលរដ្ឋជាច្រើននាក់បានឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តប៉ៃលិនបញ្ជាក់ថា ភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ដែលស្ថិតក្នុងឃុំស្ទឹងកាច នៃស្រុកសាលាក្រៅ នឹងត្រូវបិទខ្ទប់ចាប់ពីថ្ងៃសុក្រខានស្អែកនេះរហូតដល់មានការជូនដំណឹងជាថ្មី។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ជាច្រើននាក់ ត្រូវបានរកឃើញនៅក្នុងភូមិទាំង ៣នេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
បើតាមសេចក្ដីជូនដំណឹងដដែលនេះ រដ្ឋបាលខេត្តប៉ៃលិននឹងហាមឃាត់ការធ្វើដំណើរចេញ ឬចូលភូមិទាំង ៣នេះ ហើយការជួបជុំ ឬការប្រមូលផ្ដុំមនុស្សចាប់ពី ១០នាក់ឡើងទៅ ក៏នឹងត្រូវហាមឃាត់ផងដែរ។
ប្រជាពលរដ្ឋ ២៨នាក់ទៀតនៅក្នុងឃុំស្ទឹងកាច់ នៃស្រុកសាលាក្រៅ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ នៅក្នុងចំណោមតួលេខអ្នកឆ្លងថ្មី ៤២នាក់កាលពីថ្ងៃម្សិលមិញនេះ៕