ឯកឧត្ដម ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ សហការី និងមន្ត្រីរាជការនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ ទី៩ នៅសាលាបុណ្យភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយខេត្ដកំពង់ចាម។
ក្នុងឱកាសដឹកនាំកាន់បិណ្ឌ ទី៩នោះ ឯកឧត្ដម ម៉ា ឈឿន បានលើកឡើងថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។
ឯកឧត្តមបានបន្តទៀតថា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
យ៉ាងណាក៏ដោយឯកឧត្តមតំណាងរាស្រ្ត បានបញ្ជាក់ផងដែរថា ការដែលយើងមានឱកាសជួបជុំគ្នាធ្វើបុណ្យ ជាពិសេសបុណ្យកាន់បិណ្ឌនាពេលនេះ គឺដោយសារប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍផងដែរ៕ អត្ថបទ៖ បាន ចក់