
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសថា បានរកឃើញប្រជាពលរដ្ឋ ៣៣នាក់បន្ថែមទៀតឆ្លងមេរោគកូវីដ-១៩នៅក្នុងស្រុកចំនួន៤ ខណៈអ្នកជំងឺ ៣៧នាក់ទៀត ក៏ត្រូវបានព្យាបាលជាសះស្បើយឡើងវិញផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋ ១៨នាក់នៅក្នុងស្រុកជើងព្រៃ ខណៈដែលស្រុកបាធាយរកឃើញករណីឆ្លងថ្មី ៩នាក់ទៀត។
នៅឯស្រុកកំពង់សៀមឯណោះវិញ រដ្ឋបាលខេត្តនេះបញ្ជាក់ថា បានរកឃើញពលរដ្ឋ ៤នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ហើយ ១ករណីទៀត ត្រូវបានរកឃើញនៅឯស្រុកព្រៃឈរ។
ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៣៧នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយកាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យតួលេខអ្នកជាសះស្បើយសរុបឡើងដល់ ៣៤៧នាក់ ហើយអ្នកជំងឺកូវីដ-១៩ចំនួន ៥៦៧នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕