កងកម្លាំងអ៊ីស្រាអែល បានប៉ះទង្គិចជាមួយខ្មាន់កាំភ្លើងមកពីក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃអាទិត្យ (៨ តុលា) នេះ រយៈពេល២៤ម៉ោង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដែលមនុស្សជិត៥០០នាក់ត្រូវបានសម្លាប់ នៅក្នុងថ្ងៃនៃអំពើហិង្សាដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេល៥០ឆ្នាំមកនេះ។
ជម្លោះបានរាលដាលស្ទើពាសពេញអ៊ីស្រាអែល ដោយមានការបាញ់ប្រហារពីប្រទេសលីបង់ ចូលទៅភាគខាងជើងអ៊ីស្រាអែល ដែលក្រុមប្រដាប់អាវុធរបស់ប្រទេសហេសបូឡា បាននិយាយថា ខ្លួនបានអនុវត្តប្រតិបត្តិការ «សាមគ្គីភាព» ជាមួយប្រជាជនប៉ាឡេស្ទីន។

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងខ្លួនបានឆ្លើយតបជាមួយនឹងការវាយប្រហារដោយកាំភ្លើងធំទៅកាន់ប្រទេសលីបង់ និងការវាយប្រហារដោយយានដ្រូនលើប៉ុស្តិ៍បញ្ជាការក្រុមប្រដាប់អាវុធហេសបូឡា នៅជិតព្រំដែន ហើយមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។
ការលុកលុយពីចាប់ពីតំបន់ហ្កាហ្សា ចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល ដែលជាការវាយប្រហារដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ អាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការបង្កើតការព្រមព្រៀងសន្តិសុខក្នុងតំបន់ ដែលអាចគំរាមកំហែងដល់សេចក្តីប្រាថ្នារបស់ប៉ាឡេស្ទីន ក្នុងការដណ្ដើមភាពជារដ្ឋ និងមហិច្ឆតារបស់អ្នកគាំទ្រដ៏សំខាន់របស់ក្រុមសកម្មប្រយុទ្ធនោះ គឺប្រទេសអ៊ីរ៉ង់ផងដែរ៕
