ក្រសួងការពារជាតិទួរគី បាននិយាយកាលពីថ្ងៃសៅរ៍ (៧ តុលា) ថា កងកម្លាំងទួរគីបានសម្លាប់ពួកសកម្មប្រយុទ្ធឃឺដ ចំនួន៥៨នាក់ នៅភាគខាងជើងប្រទេសស៊ីរី ក្នុងការវាយប្រហារពេញមួយយប់លើគោលដៅជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធ ខណៈជម្លោះនៅក្នុងតំបន់បានកើនឡើងជិតមួយសប្តាហ៍ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងអង់ការ៉ា។
ប្រទេសទួរគីក្នុងសប្តាហ៍នេះបាននិយាយថា គោលដៅទាំងអស់ដែលជាកម្មសិទ្ធិរបស់កងជីវពលខុសច្បាប់នៃគណបក្សពលកម្មឃើឌីស្ថាន (PKK) និងកងជីវពលឃឺដ YPG របស់ស៊ីរី គឺជា «គោលដៅវាយប្រហារស្របច្បាប់» សម្រាប់កងកម្លាំងរបស់ខ្លួន បន្ទាប់ពីគណបក្ស PKK បានអះអាងទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកកាលពីថ្ងៃអាទិត្យ នៅទីក្រុងអង់ការ៉ា ដែលបានធ្វើឱ្យមន្ត្រីនគរបាលពីរនាក់រងរបួស និងបានបណ្ដាលឲ្យអ្នកវាយប្រហារពីរនាក់ស្លាប់។
ចាប់តាំងពីការវាយប្រហារដោយគ្រាប់បែកមក ទីក្រុងអង់ការ៉ាបានបើកការវាយប្រហារតាមអាកាស និងការវាយប្រហារលើដី ប្រឆាំងនឹងគោលដៅក្រុមសកម្មប្រយុទ្ធនៅភាគខាងជើងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ខណៈពេលដែលបង្កើនប្រតិបត្តិការសន្តិសុខនៅក្នុងប្រទេស។
ក្រសួងបានបន្ថែមថា ប្រតិបត្តិការដែលធ្វើឡើងក្រោមសិទ្ធិការពារខ្លួន បានផ្ដល់ភាព «អព្យាក្រឹត» ដល់ក្រុមសកម្មប្រយុទ្ធចំនួន៥៨នាក់ នៅក្នុងតំបន់។ ជាធម្មតា ទីក្រុងអង់ការ៉ា ប្រើពាក្យ «អព្យាក្រឹត» ក្នុងន័យថា «សម្លាប់»៕

