ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ សហការី និងមន្ត្រីក្រោមឱវាទមួយចំនួនទៀត នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះបានចូលរួមពិធីកាន់បិណ្ឌ វេនទី៩ នៅវត្តបទុមវតី រាជធានីភ្នំពេញ។

ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយក៏ដើម្បីផ្គត់ ផ្គង់ព្រះសង្ឈគង់ចាំព្រះវស្សា និងប្រមែប្រមូលផល្លានិសង្ឈ ដែលកើតចេញពីសទ្ធាចិត្តជ្រះថ្លាលើកឧទ្ទិស ជូនដល់ញាតិបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោកនាយជាដើម។

ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឈ ឯកឧត្តម ទៀ សីហា និងលោកជំទាវ រួមទាំងមន្រ្តី ក៏បាននាំបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឈ ដើម្បីកសាងនូវសមិទ្ធផលនានា ក្នុងវត្តជាកិច្ចទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានឋិតថេរចីរកាលគ្រប់៥០០០ព្រះវស្សាផងដែរ។
សូមបញ្ជាក់ថាបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។
យ៉ាងណាក៏ដោយការដែលយើងមានឱកាសជួបជុំគ្នាធ្វើបុណ្យ ជាពិសេសបុណ្យកាន់បិណ្ឌនាពេលនេះ គឺដោយសារប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍផងដែរ៕ អត្ថបទ៖ បាន ចក់





