
កែប៖ ប្រជាពលរដ្ឋចំនួន ០៧នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅក្នុងខេត្តកែប នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែបនៅថ្ងៃនេះ។
រដ្ឋបាលខេត្តកែប បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើពលរដ្ឋចំនួន ៦នាក់នៅភូមិភ្នំលាវ ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរ ហើយ ១ករណីទៀត ត្រូវបានរកឃើញលើពលរដ្ឋនៅក្នុងក្រុងកែប។
បើតាមរដ្ឋបាលខេត្តកែប ក៏មានដែរកុមារចំនួន ៣នាក់ស្ថិតក្នុងចំណោមករណីឆ្លងថ្មីទាំង ៧នាក់នេះ។
រដ្ឋបាលខេត្តកែបបញ្ជាក់ថា ពលរដ្ឋទាំង ០៧នាក់នេះ បានឆ្លងមេរោគកូវីដ-១៩ ពាក់ព័ន្ធនឹងកាស៊ីណូ សុខ គីមម៉េង ស្ថិតនៅច្រកទ្វារតន់ហន់ ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត៕