កាលពីថ្ងៃអាទិត្យ (៨ តុលា) ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានប្តេជ្ញាថា នឹងយកជ័យជម្នះលើក្រុមហាម៉ាស រយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមមួយនេះ បានវាយលុកតាមទីក្រុងនានារបស់អ៊ីស្រាអែល ហើយជាថ្ងៃដែលប្រទេសនេះ មានអ្នកស្លាប់ច្រើនបំផុតក្នុងប៉ុន្មានទសវត្សរ៍មកនេះ។

អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ ដោយមានមនុស្សជាង១.១០០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ទាំងសងខាង។ អំពើហឹង្សាដែលកំពុងកើនឡើងនេះ គំរាមកំហែងការចាប់ផ្តើមសង្រ្គាមថ្មីដ៏ធំមួយនៅមជ្ឈិមបូព៌ា។
កាលពីព្រឹកថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជួបជាមួយគណៈរដ្ឋមន្ត្រីសន្តិសុខ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពនៅភាគខាងត្បូង និងភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។
គួររម្លឹកផងដែរថា ក្រុមហាម៉ាស់កាលពីថ្ងៃសៅរ៍បាននិយាយថា ការវាយប្រហារនេះត្រូវបានជំរុញដោយអ្វីដែលខ្លួនហៅថា ការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើង លើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ទីក្រុងហ្សេរុយសាឡឹម និងការវាយប្រហារប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលផងដែរ៕
