ដើម្បីចូលរួមបង្ការ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយគ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំងធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញបានចេញនូវសេចក្ដីណែនាំមួយច្បាប់នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ដល់អាជ្ញាធរ កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋឱ្យត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញបានណែនាំដល់រដ្ឋបាលខណ្ឌទាំង ១៤ ជាពិសេសរដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅ កំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ដោយធ្វើការសហការជាមួយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងណែនាំផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រាបនូវទីទួលសុវត្ថិភាព ព្រមទាំងរៀបចំក្រុមវេនយាមប្រចាំការនៅតាមអង្គភាពរបស់ខ្លួន ដើម្បីក្តាប់ព័ត៌មាន ត្រៀមអន្តរាគមន៍។ ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង មធ្យោបាយដឹកជញ្ជូន រថយន្ត ទូក កាណូត អូប័រ និងសម្ភារៈផ្សេងៗ ដើម្បីជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
តាមមន្ទីរជំនាញពាក់ព័ន្ធក៏ត្រូវបានណែនាំឱ្យតាមដានព្យាករណ៍ឧតុនិយមជាប្រចាំ ដើម្បីធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ ក៏ត្រូវត្រៀមរៀបចំផែនការការពារសុខភាព រថយន្តគិលានសង្គ្រោះ ឧបករណ៍-សម្ភារៈសុខាភិបាល និងថ្នាំសង្កូវផ្សេងៗ ដើម្បីផ្តល់សេវាសុខាភិបាលផ្សេងៗជូនប្រជាពលរដ្ឋ។ សម្រាប់វិស័យអប់រំត្រូវសុំគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមផ្អាកដំណើរការ គ្រឹះស្ថាន សិក្សាជាបណ្ដោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាដែលត្រូវរងគ្រោះដោយទឹកជំនន់ និងធ្វើការ ផ្ទេរសិស្សានុសិស្សទៅរៀននៅគ្រឹះស្ថានសិក្សាផ្សេងជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពនៃការសិក្សា។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញក៏បានណែនាំប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្តោយដងទន្លេមេគង្គ និងដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានជាប្រចាំអំពីកម្ពស់ទឹក និងត្រូវត្រៀមលក្ខណៈទុក ជាមុន ដូចជាទ្រព្យសម្បត្តិ សម្ភារៈចាំបាច់ និងសត្វពាហនៈឱ្យបានរៀបរយ ដើម្បីជម្លៀសទៅ ទីទួលសុវត្ថិភាព៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

