ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ (៨ តុលា) ថា មនុស្សយ៉ាងហោចណាស់៧៧នាក់ ត្រូវបញ្ជាក់ថាបានស្លាប់នៅក្នុងទឹកជំនន់ ដែលបានវាយប្រហារភាគឦសាន ប្រទេសឥណ្ឌា ដោយធ្វើឲ្យផ្លូវ និងស្ពានជាច្រើនត្រូវបានកាត់ផ្ដាច់។

កងកម្លាំងទាហានប៉ារ៉ាឥណ្ឌា បានបន្តធ្វើប្រតិបត្តិការជួយសង្គ្រោះ និងសម្រាលបន្ទុកទឹកជំនន់នៅតំបន់ភាគឦសាននៃរដ្ឋស៊ីគីម ដែលរងគ្រោះដោយទឹកជំនន់ ខណៈអ្នកទេសចរជាង ៣.០០០នាក់ និងអ្នកបើកបរប្រហែល ៨០០នាក់ នៅតែជាប់គាំងនៅក្នុងតំបន់ដែលរងផលប៉ះពាល់នៃរដ្ឋនេះ។
ប្រមុខរដ្ឋស៊ីគីម លោក Prem Singh Tamang បាននិយាយថា ក្រុមអាជ្ញាធរកំពុងព្យាយាមបង្កើតឡើងវិញនូវបណ្តាញ និងការតភ្ជាប់ផ្លូវនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឡើងវិញ។
ក្រុមអ្នកជួយសង្គ្រោះមកពីទីភ្នាក់ងារនគរបាលព្រំដែនឥណ្ឌូទីបេ (ITBP) កំពុងប្រជែងនឹងពេលវេលា ខណៈបន្តប្រតិបត្តិការសង្គ្រោះក្នុងអំឡុងអាកាសធាតុដ៏អាក្រក់ ដែលតំបន់នេះកំពុងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ហើយមនុស្សជាច្រើននាក់នៅតែបន្តបាត់ខ្លួន។ រដ្ឋស៊ីគីម ជារដ្ឋពុទ្ធសាសនាតូចមួយរបស់ឥណ្ឌានៅចន្លោះប្រទេសនេប៉ាល់ ប៊ូតាន និងប្រទេសចិន ហើយមានប្រជាជនប្រហែល ៦៥០.០០០នាក់៕
