(កម្ពុជា)៖ កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តការហ្វឹកហាត់របស់ខ្លួនត្រៀមប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ កាណាដា ម៉ិចស៊ិក អាមេរិក ជុំទី១ ជាមួយប៉ាគីស្ថាន ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ។
អ្វីដែលចាប់អារម្មណ៍ក្នុងក្រុមជម្រើសជាតិនេះ មានវត្តមានកីឡាករដើមកំនើតជប៉ុន Yudai Ogawa បង្ហាញខ្លួនជាមួយមិត្តរួមក្រុម បន្ទាប់ពីទទួលបានសញ្ជាតិកម្ពុជាផ្លូវការថ្មីៗនេះ។
ប្រាប់ប៊ីធីវី ក្រោយដឹកនាំកូនក្រុមហ្វឹកហាត់ លោក Felix Dalmas មានប្រសាសន៍ថា “ ជាបឋមយើងពិតជាសប្បាយរីករាយចំពោះវត្តមានរបស់ Yudai ខ្ញុំគិតថាវាជាការបន្ថែមដល់ក្រុម ហើយអ្នកគាំទ្រទាំងអស់បានទស្សនាលីគកំពូលហើយ ខ្ញុំបានមើលឃើញពីសក្តានុពល និងលក្ខ័ណដ៏ល្អរបស់កីឡាកររូបនេះ។ ខ្ញុំចង់និយាយថាវាមិនស្រួលនោះទេ ខ្ញុំចង់លើកឡើងជាបទពិសោធន៍ពេលខ្ញុំនៅក្មេង គ្រូសាររបស់ខ្ញុំនៅអាហ្សង់ទីន ក្រោយមកធ្វើអន្តោប្រវេសន៍។ ខ្ញុំធំឡើងនៅប្រទេសផ្សេង ហើយវាមិនងាយស្រួលទេ រស់នៅប្រទេសដ៏ទៃ ត្រូវរៀនពីវប្បធម៌ ភាសា វាពិតជាលំបាកដើម្បីឱ្យស៊ាំនឹងប្រទេសផ្សេង។ ប៉ុន្តែកម្ពុជានិងប្រជាជនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះយូដាយ ក៏ដូចជាខ្ញុំ មានអារម្មណ៍ថាជាស្រុកកំនើត ដូច្នោះហើយបានជាគាត់លេងឱ្យ និងពាក់អាវជម្រើសជាតិប្រទេសនេះ។ ខ្ញុំគិតថានេះពិតជាពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ ខ្ញុំពិតជាសប្បាយចិត្តដែលមានគាត់នៅទីនេះ និងលេងឱ្យក្រុម។”
ទាក់ទងនឹងសំនួរដែលថាដាក់ឱ្យយូដាយលេងជាមួយប៉ាគីស្ថាន រឺអត់ លោក Dalmas បានឆ្លើយយ៉ាងខ្លីថា បើគាត់ ហាត់ និងធ្វើល្អ គាត់អាចលេងបាន។
សូមជម្រាបជូនថាកម្ពុជា ត្រូវជួបប៉ាគីស្ថាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧និង០០នាទីយប់នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខណៈពីរជើងកាលពីការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០២២ កម្ពុជាឈ្នះទាំងក្នុង និងក្រៅដី៕

