ភ្នំពេញ៖ ការជួយមនុស្សវ័យចាស់ ប្រៀបបានទៅនឹងការជួយខ្លួនឯង ដែលយើងត្រូវមានការតបស្នងសងគុណចំពោះមនុស្សវ័យចាស់ ឱ្យសក្តិសមទៅនឹងគុណបំណាច់របស់គាត់ដែលបានខិតខំប្រឹងប្រែងសម្រាប់ជាតិមាតុភូមិកន្លងមក។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយស សមាគមមនុស្សចាស់កម្ពុជារាជធានីភ្នំពេញបានលើកឡើង ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ ការជួយមនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា ។ ប្រធានបទនេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីតម្លៃនៃអំពើល្អ ចំពោះមនុស្សវ័យចាស់ ក្នុងវប្បធម៌ដ៏ល្អផូរផង់នៃសង្គមជាតិខ្មែរ ពោលគឺការជួយមនុស្សវ័យចាស់ ប្រៀបដូចជាការជួយខ្លួនឯង។ ដូច្នេះត្រូវមានការតបស្នងសងគុណចំពោះមនុស្សវ័យចាស់ ឱ្យសក្តិសមទៅនឹងគុណបំណាច់របស់គាត់។
ឯកឧត្ដម បន្តថា សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានកិតិ្តយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងបានផ្ដល់ក្ដីអាណិតស្រឡាញ់ យកចិត្តទុកដាក់ ផ្តល់តម្លៃ និងគិតគូរពីសុខទុក្ខរបស់មន្ត្រីរាជការ និវត្តន៍ជនជារៀមច្បង និងមនុស្សវ័យចាស់ទាំងអស់ ដោយបានផ្តល់តម្លៃយ៉ាងធំធេង តាមរយៈការកំណត់យកថ្ងៃទី១ ខែតុលា ជាថ្ងៃប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជារៀងរាល់ឆ្នាំ។ មនុស្សចាស់ ជាប្រភព នៃបទពិសោធន៍មិនចេះរីងស្ងួត សម្រាប់មនុស្សវ័យក្មេងជំនាន់បច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត។ អត្ថន័យនៃការប្រារព្ធទិវានេះ ក៏ជាការរំលឹកដល់គុណូបការៈចំពោះមន្ត្រីរាជការ និវត្តន៍ជនទាំងអស់ ដែលធ្លាប់បានចូលរួមចំណែកស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក រហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា។
បើតាមស្ថិតិរបស់ក្រសួងផែនការ បានបង្ហាញឱ្យឃើញថា ចំនួនមនុស្សវ័យចាស់កម្ពុជា នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ មាននិន្នាការកើនឡើងក្នុងអត្រាប្រមាណ ៤% ក្នុងមួយឆ្នាំ ខណៈពេលដែលមនុស្សវ័យក្មេង មានអត្រាកើនឡើងត្រឹមតែ ១% ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយតាមការព្យាករណ៍ចំនួនមនុស្សវ័យចាស់នៅកម្ពុជានឹងកើនឡើងដល់ប្រមាណ ២លាននាក់ ស្មើនឹង ១១% នៃចំនួនប្រជាជនសរុប ១៨លាននាក់ នៅឆ្នាំ២០៣០៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







