កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានក្លាយជាជើងឯក Formula One ពិភពលោក ៣ រដូវកាលជាប់គ្នា ក្រោយជ័យជំនះនៅទឹកដីកាតាថ្ងៃអាទិត្យម្សិលមិញ។
តាមពិតទៅកីឡាកររបស់ក្រុម Red Bull រូបគ្រប់ពិន្ទុជាជើងឯកពិភពលោកតាំងពីយប់ថ្ងៃសៅរ៍ នៅពេលទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួត Sprint Race ស្របពេលដែលមិត្តរួមក្រុម Sergio Perez ដែលឈរលេខ ២ ក្នុងតារាងជើងឯកនោះ មិនអាចបញ្ចប់ការប្រកួតបាន។

Verstappen ដែលឈ្នះការប្រណាំងយកទីចេញដំណើរ Pole Position កាលពីថ្ងៃសុក្រ ជាអ្នកចេញដំណើរមុខគេនៅការប្រកួត Grand Prix និងនាំមុខមិនងាកក្រោយយកឈ្នះការប្រកួតនៅទឹកដីកាតា។
កីឡាកររបស់ Mercedes ទាំងពីរ Lewis Hamilton និង George Russell ចេញដំណើរត្រឹមផ្លូវបត់ដំបូងក៏ប៉ះទង្គិចគ្នាឯងបណ្តាលឱ្យ Hamilton ដើរចេញពីការប្រកួតតែ Russell អាចបន្តបាន។
Hamilton ក្រោយការប្រកួតចប់ ក៏បានទទួលស្គាល់ថាខ្លួនពិតជាខុសដែលបណ្តាលឱ្យមានបញ្ហានេះ។

កីឡាករអូស្រ្តាលី Oscar Piastri របស់ McLaren ដែលឈ្នះការប្រកួត Sprint Race កាលពីថ្ងៃសៅរ៍នោះ ទទួលបានចំណាត់ថ្នាក់លេខ ២ ថ្ងៃអាទិត្យម្សិលមិញខណៈដែលមិត្តរួមក្រុម Lando Norris បានលេខ ៣។
បន្ទាប់ពីទឹកដីកាតា Formula One នឹងបន្តដំណើរទៅទឹកដីសហរដ្ឋអាមេរិកថ្ងៃទី ២៣ ខែតុលានេះ៕ អត្ថបទ៖នាង សុភាវុធ

