មនុស្សរាប់ពាន់នាក់ បានដើរដង្ហែកាលពីថ្ងៃអាទិត្យ (៨ តុលា) ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធភាពនៃការលើកលែងទោសសម្រាប់មេដឹកនាំ និងសកម្មជនផ្ដាច់ខ្លួនកាតាឡាន់។

ការតវ៉ានេះបានរៀបចំឡើងដោយអង្គការសហជីពសង្គមស៊ីវិលកាតាឡាន់ ហើយក្រុមអ្នកតវ៉ាបានដើរកាត់មហាវិថី Gracia ដោយកាន់ទង់ជាតិអេស្ប៉ាញ និងកាន់សញ្ញាប្រឆាំងនឹងនាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសនេះ គឺលោក Pedro Sanchez និងអតីតប្រធានាធិបតីកាតាឡាន់ លោក Carles Puigdemont។
លោក Sanchez ដែលបានជាប់ឆ្នោតក្នុងលំដាប់ទីពីរ កាលពីខែកក្កដា អាចបន្តកាន់តំណែងរបស់ខ្លួនបន្តទៀត ប្រសិនបើលោកឈ្នះការគាំទ្រពីអតីតមេដឹកនាំក្រុមផ្ដាច់ខ្លួន កាតាឡាន់ ដែលបាននិរទេសខ្លួន គឺលោក Carles Puigdemont ដែលគណបក្សរបស់ក្រុមផ្ដាច់ខ្លួនមួយនេះ គ្រប់គ្រងអាសនៈចំនួនប្រាំពីរនៅក្នុងសភា។
លោក Puigdemont ដែលត្រូវបានប្រកាសចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញ សម្រាប់ការប៉ុនប៉ងធ្វើអបគមន៍ក្នុងតំបន់ បានទាមទារឱ្យទម្លាក់ចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងក្រុមផ្ដាច់ខ្លួន ដែលជាលក្ខខណ្ឌសម្រាប់ការគាំទ្ររបស់លោក។
ទោះបីជាលោក Sanchez មិនទាន់បានបញ្ជាក់ពីផែនការលើកលែងទោសណាមួយក៏ដោយ ប៉ុន្តែលោកបាននិយាយកាលពីខែកញ្ញាថា គណបក្សសង្គមនិយមរបស់លោក ចង់ផ្សះផ្សារការបែកបាក់របស់សង្គមជុំវិញវិបត្តិកាតាឡាន់។
កាលពីឆ្នាំ២០២១ លោក Sanchez បានផ្តល់ការលើកលែងទោសដល់ក្រុមផ្ដាច់ខ្លួននេះចំនួនប្រាំបួននាក់ ដែលត្រូវបានជាប់ពន្ធនាគារដោយសារតួនាទីរបស់ពួកគេ ក្នុងការជំរុញទាមទារឯករាជ្យក្នុងប្រទេសអេស្ប៉ាញផងដែរ៕
