ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាស្ត្រាចារ្យ ស៊ា ហួង អៈអាងថា ដើម្បីធានាបាននូវសេវាសុខភាពមួយប្រកបដោយគុណភាព យើងត្រូវមានធនធានមនុស្សលើវិស័យសុខាភិបាល អ្នកជំនាញ សម្ភារៈបរិក្ខាពេទ្យ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។
ការថ្លែងរបស់ឯកឧត្តម សាស្ត្រាចារ្យ ស៊ា ហួង យ៉ាងដូច្នេះ ក្នុងឱកាសដាក់ឲ្យដំណើរការជាថ្មី អគារឆ្លុះ ក្រពះ ពោះវៀន នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ឯកឧត្តម សាស្ត្រាចារ្យ បន្តថា ចំនុចទាំង០៣ខាងលើនេះ មិនអាចខ្វះមួយណាបាននោះទេ ដើម្បីធានាបានក្នុងការផ្តល់សេវា ជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។
បើតាមលោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានឲ្យដឹងថា ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រក្នុងការអភិឌ្ឍវិស័យសុខាភិបាល បច្ចុប្បន្ននេះនៅមន្ទីរពេទ្យយើង បានអភិវឌ្ឍទាំងធនធានមនុស្សគ្រូពេទ្យរបស់យើង ដោយបណ្ដុះបណ្ដាលជំនាញគ្រប់ផ្នែកទាំងអស់។
ជាចុងក្រោយឯកឧត្តមសាស្ដ្រាចារ្យ ស៊ាង ហួង បានបញ្ជាក់ថា ការអភិវឌ្ឍទាំងអគារថ្មី និងសម្ភារបរិក្ខារពេទ្យនាពេលេនះ គឺឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគ្រូពេទ្យជំនាញ ក្នុងពេលសង្គ្រោះពលរដ្ឋ ដែលមានបញ្ហាសុខភាព ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់៕ អត្ថបទ រដ្ឋា
