(កម្ពុជា)៖ អ្នកលេងគុនខ្មែរកម្ពុជា កីឡាករ ទូច ដេវីត បានប្រាប់ប៊ីធីវី កាលពីពេលថ្មីៗនេះ ថា ខ្លួនបានត្រៀមលក្ខណៈរួចរាល់ ពោលពេញលេញ ១០០% ដើម្បីប្រជែងជាមួយអ្នកលេងគុនខ្មែរ ខ្លាំងៗផ្សេងទៀត ការប្រកួតគុនខ្មែរអន្តរជាតិ ដែលមានឈ្មោះថា«ប៊ូសស្រ្ដង ជួយគុនខ្មែរ អ្នកខ្លាំងពូកែឲ្យឡាន ២០២៣»។
កីឡាកររូបនេះ នៅបានបញ្ជាក់បន្ថែមថា មិនមានក្តីបារម្មណ៍ ទោះបីខ្លួនមិនធ្លាប់ចូលរួមប្រកួតទ្រង់ទ្រាយធំ ដណ្តើមឡានក៏ដោយ។

កីឡាកររូបនេះនៅបានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធីប្រកួតដណ្តើមឡាននេះ ហើយក៏បានអំពាវនាវឱ្យបងប្អូនអ្នកស្នេហាកីឡាគុនខ្មែរផ្តល់ការគាំទ្រ តាមរយៈការបោះឆ្នោតដើម្បីឱ្យបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមឡានតែម្តង ហើយបើឈ្នះបានឡាននឹងបរិច្ចាគថវិកាតម្លៃខ្លួនទាំងអស់ជូន មន្ទីរពេទ្រគន្ធបុប្ជា ប៉ុន្តែបើមិនឈ្នះ បរិច្ចាគតម្លៃខ្លួនត្រឹមតែ២០%។

ទូរទស្សន៍ប៊ីធីវី និង ប៊ូសស្ត្រង សហការគ្នារៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ “ប៊ូសស្រ្ដង ជួយគុនខ្មែរ អ្នកខ្លាំងពូកែឲ្យឡាន ២០២៣ លើប្រភេទទំងន់៦០គីឡូក្រាម” នេះឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៧និង០០នាទីតទៅ នៅវិមានពហុកីឡដ្ឋានជាតិ ដោយក្នុងនោះ កីឡាករ ទូច ដេវីត ត្រូវជួបអ្នកលេងគុនខ្មែរមកចិន វ័ង យៀកយៀក, កីឡាករ អេលីត សាន់ ជួបកីឡាករថៃ រុងរ៉ាវី បានឆាមេក, ឈុន សេរី វ៉ាន់ថង ប្រកួតជាមួយកីឡាករប្រេស៊ីល អ៊ីតាឡូ ហ្វ្រេតាស់ និងកីឡាករ ឃុន បូរ៉ា ប្រកួតជាមួយកីឡាករថៃ ឆាត់ឆ័យ ភីខេ សែនឆ័យ។ ការប្រកួតនេះ កីឡាករគុនខ្មែរកម្ពុជាទាំងបួន ដែលទទួលបានការគាំទ្រពីការបោះឆ្នោត (Vote) ច្រើនជាងគេទី១ និងទី២ ជួបគ្នាប្រកួតដណ្តើមឡានតែម្តង។

ក្រៅពីនេះក៏មានគូអមអន្តរជាតិ បីប្រកួតដែរ កីឡាករ បឺត សង្ឃឹម ប្រកួតជាមួយកីឡាករចិន ហ្គ័រ ចិន, ព្រំ សំណាង ជួបកីឡាករ អ៊ុយក្រែន វីយ៉ា ឌីស្លាវ និងកីឡាករ ពេជ្រ សម្បត្តិ ប្រកួតជាមួយកីឡាករអាមេរិក អេលៀស ហ្កាហ្សាលី៕
