ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ ដើម្បីធ្វើការប្រកួតជើងទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Asian Qualifiers វគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ី ជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍នេះ ។

ទាំងគ្រូបង្វឹក និងកីឡាករ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកខ្លួន មុនចាកចេញមកកម្ពុជា ចំពោះការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងវគ្គបន្ដ នៃពានរង្វាន់ FIFA World Cup 2026 ជាមួយក្រុមគោព្រៃកម្ពុជា ពោលគឺពួកគេបានដាក់ក្ដីរំពឹងខ្ពស់ជាងកាលពីឆ្នាំ២០១៩ ដែលប៉ាគីស្ថានរងបរាជ័យទាំង ២ប្រកួត ក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជា ។

គួរដឹងថា កាលពីឆ្នាំ២០១៩ ក្រុមទាំងពីរ ក៏បានចាប់ឆ្នោតជួបគ្នាក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោកនេះដែរ ហើយជាលទ្ធផលក្រុមកម្ពុជា បានយកឈ្នះប៉ាគីស្ថាន ២-០ នៅទីក្រុងភ្នំពេញ មុនបន្ដយកឈ្នះក្នុងលទ្ធផល ២-១ នៅទីក្រុង Doha ដើម្បីធានាកៅអីវគ្គបន្ដ ។

បែបនេះក្ដីលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ជួបប៉ាគីស្ថានលើកនេះ មិនងាយស្រួលនោះទេ ដ្បិតពួកគេបានត្រៀមខ្លួនយ៉ាងល្អ គួបផ្សំពួកគេមានកីឡាករមានបទពិសោធន៍ច្រើន នឹងជះឥទ្ធិផលមកលើក្រុមគោព្រៃ ដែលមិនធ្វេសប្រហែលបានឡើយ។
សូមបញ្ជាក់ថា ក្រុមទាំងពីរ នឹងត្រូវជួបគ្នា ២ជើង ដើម្បីប្រជែងកៅអីវគ្គជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup 2026 ពោលគឺជើងទី១ កម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ ត្រូវជួបគ្នានៅប្រទេសប៉ាគីស្ថានវិញ នាថ្ងៃទី១៧ ខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា
