កីឡាករស្នូកឃ័រអង់គ្លេស Judd Trump បានគ្រងជើងឯកនៃការប្រកួតពានរង្វាន់ English Open ក្រោយវាយបកយកឈ្នះកីឡាករចិន Zhang Anda នៅវគ្គផ្តាច់ព្រ័ត្រ។
ឡើងមកដល់វគ្គនេះ កីឡាករទាំងពីរសុទ្ធតែឆ្លងកាត់ជើងខ្លាំងដូចគ្នា ក្នុងនោះ Judd Trump បានវាយបកយកឈ្នះ John Higgins ខណៈ Zhang Anda យកឈ្នះជើងឯកពិភពលោក ៧ សម័យ Ronnie O’Sullivan គួរឱ្យភ្ញាក់ផ្អើល។

ឈានមកដល់វគ្គផ្តាច់ព្រ័ត្រ កីឡាករចិនដែលមានចំណាត់ថ្នាក់លេខ ៥៧ ពិភពលោក Zhang Anda ក៏បន្តធ្វើឱ្យមានការភ្ញាក់ផ្អើលដែរដោយបាននាំមុខការប្រកួតទៅលើ Judd Trump ៧-៣ ហ្វ្រេម។
យ៉ាងណាក្តី ជើងឯកឆ្នាំ ២០១៩ Judd Trump បានវាយបកដោយយកឈ្នះ ៦ ហ្វ្រេមជាប់គ្នា ដើម្បីគ្រងជើងឯក តាមរយៈលទ្ធផលចុងក្រោយ ៩-៧ ហ្វ្រេម៕ អត្ថបទ៖នាង សុភាវុធ


