កម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ (WFP) កាលពីថ្ងៃអាទិត្យ បានអំពាវនាវសម្រាប់ការបង្កើតច្រករបៀងដើម្បីនាំយកស្បៀងអាហារទៅកាន់តំបន់ហ្គាហ្សា ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រអែល បានបាញ់ផ្លោងលើតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ធ្វើឲ្យមានមនុស្សស្លាប់ច្រើន។ កម្មវិធីស្បៀងអាហារពិភពលោកមានមូលដ្ឋាននៅទីក្រុងរ៉ូមនិយាយថា ខណៈជម្លោះកើនឡើង ជនស៊ីវិលរួមមានទាំងកុមារនិងគ្រួសារដែលងាយរងគ្រោះ ប្រឈមមុខបញ្ហាប្រឈមជាច្រើន ក្នុងការទទួលបានការផ្គត់ផ្គង់អាហារចាំបាច់។

កម្មវិធីស្បៀងអាហារពិភពលោក បានជំរុញឲ្យមានដំណើរការមនុស្សធម៌ដោយគ្មានការរារាំង និងសុវត្ថិភាព ទៅដល់តំបន់រងផលប៉ះពាល់ ដោយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់មនុស្សធម៌ រួមទាំងការធានាបានដំណើរការចំពោះស្បៀងអាហារ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានផ្តល់ជំនួយស្បៀងអាហារផ្ទាល់ ដល់ពលរដ្ឋប៉ាឡេស្ទីនប្រមាណ ៣៥០.០០០នាក់ ប្រចាំខែ ខណៈផ្តល់ជំនួយដល់ពលរដ្ឋប៉ាឡេស្ទីនជិត១លាននាក់ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូមនុស្សធម៌ដ៏ទៃទៀត តាមរយៈ ការផ្ទេរសាច់ប្រាក់។
កម្មវិធីស្បៀងអាហារពិភពលោក និយាយថាខ្លួន បានត្រៀមរួចរាល់ការបង្កើតទីតាំងស្តុកស្បៀងអាហារ មុនការដាក់ទីតាំង សម្រាប់ពលរដ្ឋ ដែលបានជម្លៀសខ្លួន ឬកំពុងស្ថិតនៅក្នុងទីជម្រក។
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់ នៅជុំវិញតំបន់ហ្គាហ្សា ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីន ២.៣លាននាក់រស់នៅទីនោះ ក្នុងពេលមានការប៉ាន់ប្រមាណថានឹងរាលដាលនៃការឈ្លានពានរបស់អ៊ីស្រាអែលទ្រង់ទ្រាយធំដែលជិតមកដល់ ចូលមកដែនដីនេះ។
