ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដែលដឹកនាំដោយប្រធានក្រុមកីឡាករ សាលី អ៊ូមើត បានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ដោយដណ្ដើមបានមេដាយសរុប ៩គ្រឿង (មាស ៤ ប្រាក់ ៤ និងសំរឹទ្ធ១) ខណៈកីឡាករវ័យក្មេង សាលី ហ្វីលីន ត្រូវបានប្រធានក្រុមកម្ពុជា ចាត់ទុកជា Golden Boy បន្ទាប់ពីដណ្ដើមបានមេដាយ ៥គ្រឿងម្នាក់ឯង បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ និងសាងភ្ញាក់ផ្អើលជាខ្លាំងក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ។

កីឡាករ សាលី អ៊ូមើត បានឲ្យដឹងថា បេសកកម្មក្រុមម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍ Water Jet World Series ជុំទី៣ នៅអាមេរិក បានបញ្ចប់ដោយជោគជ័យ ជាមួយលទ្ធផលដ៏ត្រចះត្រចង់ពុំធ្លាប់មានក្នុងប្រវត្តិសាស្ដ្រកីឡាម៉ូតូទឹកកម្ពុជា ចំពោះការដណ្ដើមបានមេដាយរហូតដល់ ៩គ្រឿង ដ្បិតកន្លងមក ខ្លួន និងសិស្សប្អូន ម៉ីន មូស្ដាន់ ដណ្ដើមបានមេដាយយ៉ាងច្រើនម្នាក់មួយ ឬ ២គ្រឿងប៉ុណ្ណោះ ។

អ្វីដែលពិសេស គឺកីឡាករ សាលី ហ្វីលីន ដណ្ដើមបានមេដាយរហូត ៥គ្រឿងម្នាក់ឯង ក្នុងនោះមានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ១ ។ លើសពីនេះ កំឡុងពេលប្រកួត ក្នុងនាមកីឡាករវ័យក្មេងជាងគេ ក្នុងវិញ្ញាសាប្រកួតរបស់ខ្លួន ហ្វីលីន បានប្រើបច្ចេកទេសដ៏ប៉ិនប្រសព្វ ដើម្បីប្រជែង និងវ៉ាដៃគូប្រកួត ដែលមានកម្រិតពិភពលោកម្ដងមួយៗ ធ្វើឲ្យគណៈកម្មការរៀបចំ និងទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានការប្រកាសពីភាពអស្ចារ្យរបស់កីឡាករខ្មែរឥស្លាមរូបនេះ ស្ទើរៀងរាល់ថ្ងៃ ។

តាមរយៈសមិទ្ធផលជាប្រវត្តិសាស្ដ្រមិនធ្លាប់មានកីឡាករម៉ូតូទឹកកម្ពុជាណាធ្លាប់បាននេះ ក្នុងនាមប្រធានក្រុម និងជាអ្នកមានបទពិសោធន៍មុនគេក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក សាលី អ៊ូមើត បានចាត់ទុកកីឡាករ សាលី ហ្វីលីន ដែលត្រូវជាប្អូនបង្កើត គឺជា Golden Boy ដោយសារគេធ្វើបានយ៉ាងល្អ ទាំងលទ្ធផល និងការស្ងើចសរសើរពីគណៈកម្មការរៀបចំ និង កីឡាករខ្លាំងៗលើពិភពលោក ចំពោះសមត្ថភាពដ៏អស្ចារយរបស់កីឡាករវ័យក្មេងរូបនេះ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Water Jet World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយកីឡាករ សាលី អ៊ូមើត បានដឹកនាំកីឡាករវ័យក្មេង ៨រូបចូលរួមប្រកួត ក្នុងនោះមានកីឡាករ ៥រូបត្រូវធ្វើការប្រកួត និងកីឡាករថ្នាល ៤រូបទៀត ចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍ពីព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ សម្រាប់យកមកអនុវត្តក្នុងការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឆ្ពោះទៅរកការប្រកួតអន្ដរជាតិនាថ្ងៃអនាគត ។

ជាលទ្ធផលក្នុងចំណោមកីឡាករ ៥រូបរបស់កម្ពុជា គឺសុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះក្រៅពីម្ចាស់មេដាយ ៥គ្រឿង សាលី ហ្វីលីន កីឡាករ សាលី អ៊ូមើត ដែលជាប្រធានក្រុមដណ្ដើមបានមេដាយមាស ១គ្រឿង, កីឡាករ កៃ វ៉ាន់ស៊ីនដែន ដណ្ដើមបានមេដាយមាស ១គ្រឿង, កីឡាករ ម៉ីន មូស្ដាន់ ដណើដមបានមេដាយប្រាក់ ១គ្រឿង និងកីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ។
ដោយឡែកចំពោះការប្រកួតជុំទី៤ ដែលជាជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកលំដាប់ពិភពលោកនេះ គ្រោងនឹងធ្វើនៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ៕ អត្ថបទ លី ឈុនឡា

