ភ្ញៀវទេសចរណ៍ជនជាតិចិន ដែលទៅលេងនៅប្រទេសជប៉ុនបាននិយាយថា ពួកគេកំពុងរីករាយនឹងការទទួលទានអាហារសមុទ្រស៊ូស៊ី ស្របពេលទីក្រុងប៉េកាំងបានហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ដែលត្រូវបានដាក់ចេញបន្ទាប់ពីការបញ្ចេញទឹកវិទ្យុសកម្មធ្វើប្រព្រឹត្តកម្មរួច ចេញពីបរិវេណរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានបំផ្លាញ ចូលទៅក្នុងសមុទ្រ។ អ្នកទេសចរជាច្រើនបាននិយាយថា «ពួកយើងញ៉ាំស៊ូស៊ីជារៀងរាល់ថ្ងៃ ហើយយើងមិនខ្វល់ថាត្រីទាំងនោះត្រូវបានចាប់ពីសមុទ្រប្រទេសណានោះទេ»។

ចាប់តាំងពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម លើកទី១ ចូលទៅក្នុងសមុទ្រពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា កាលពីចុងខែសីហាមក ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនជាច្រើន បានរាយការណ៍អំពីការលុបចោលដំណើរកម្សាន្តទៅប្រទេសជប៉ុន និងការព្រួយបារម្ភរបស់អ្នកប្រើប្រាស់ចិន អំពីសុវត្ថិភាពនៃផលិតផលសមុទ្រជប៉ុន។
ទីក្រុងប៉េកាំងដែលបានជំរុញប្រទេសជប៉ុនម្តងហើយម្តងទៀត ឱ្យបញ្ឈប់ការបញ្ចេញទឹកនេះ និងហៅទឹកនោះថាជា «ទឹកកខ្វក់ដោយនុយក្លេអ៊ែរ» បានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីការបង្ហូរទឹកបានចាប់ផ្តើមមក។
ទោះជាយ៉ាងណាក៏ដោយ ប្រជាជនចិនជាច្រើននាក់នៅខេត្តជឺជាំង (Zhejiang) បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន ដែលសង្កត់ធ្ងន់លើគ្រោះថ្នាក់នៃទឹកពីរោងចក្រហ្វ៊ូគូស៊ីម៉ា កំពុងមានភាព «លំអៀង» ហើយមិនមានប្រជាជនចិនច្រើនទេ ដែលអាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានដែលទទួលបានពីក្រៅប្រទេសនោះ៕

