រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុង ស៊ីក (Shin Won-sik) នៅពីថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានកាតត្រៀមខ្លួនដ៏រឹងមាំប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ខណៈដែលលោក បានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់អង្គភាពយោធាជួរមុខក្នុងតួនាទីថ្មីរបស់ខ្លួន។

លោកស៊ីន ដែលចូលកាន់តំណែង កាលពីថ្ងៃសៅរ៍ ត្រូវបានគេរាយការណ៍ជូនដោយសង្ខេបអំពីប្រតិបត្តិការព្រំដែននៅកងពលធំថ្មើរជើងលេខ១របស់កងទ័ពនៅទីក្រុងប៉ាជូ ( Paju) ភាគខាងត្បូងនៃតំបន់គ្មានយោធា ហើយបានបញ្ជាឲ្យមានជំហរត្រៀមលក្ខណៈយោធាដ៏ម៉ឺងមាត់។
លោកត្រូវបានដកស្រង់សម្តី ដោយនិយាយថា៖«កន្លងទៅ ប្រទេសកូរ៉េខាងជើង បានធ្វើការបង្កហេតុទ្រង់ទ្រាយធំ បន្ទាប់ពីរដ្ឋាភិបាលរបស់យើងចូលកាន់តំណែងបានរយៈពេលពីរទៅបីឆ្នាំ»។
ប្រសិនបើកូរ៉េខាងជើងបង្កហេតុ លោកបាននិយាយថា៖«ទីមួយ សងសឹកភ្លាមៗ ទីពីរសងសឹកយ៉ាងខ្លាំងនិង ទីបី សងសឹករហូតដល់ទីបញ្ចប់»។
កាលពីសប្តាហ៍មុន ប្រធានាធិបតី Yoon Suk Yeol បានប្តេជ្ញាការពារប្រទេសពីការបង្កហេតុរបស់កូរ៉េខាងជើង ដោយពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតប «ភ្លាមៗ និងយ៉ាងលើសលប់» ។
ភាពតានតឹងនៅឧបទ្វីបកូរ៉េ នៅតែបន្ត បន្ទាប់ការគំរាមកំហែងដោយនុយក្លេអ៊ែរនិងមីស៊ីល ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។