
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសពីការរកឃើញប្រជាពលរដ្ឋរហូតដល់ ៦៩នាក់បន្ថែមទៀតបានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនរកឃើញនៅក្នុងស្រុកកំរៀង។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើពលរដ្ឋ ៥០នាក់ នៅក្នុងស្រុកកំរៀង ក្នុងនោះមានបុគ្គលិកកាស៊ីណូ អ្នកលក់ដូរ សិស្សសាលា និងមន្ត្រីរាជការផងដែរ។
រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ករណីឆ្លងចំនួន ៤នាក់ទៀត ត្រូវបានរកឃើញនៅស្រុករតនមណ្ឌល ហើយបន្ទាប់មកក្រុងបាត់ដំបង ក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ០៤នាក់ផងដែរ។
ខណៈដែលស្រុកបរវេលរកឃើញអ្នកឆ្លងថ្មី ២នាក់នោះ នៅឯស្រុកបាណន់រកឃើញអ្នកឆ្លងថ្មីត្រឹមតែ ១នាក់ប៉ុណ្ណោះ។
ក្រៅពីនេះ រដ្ឋបាលខេត្តនេះក៏បានរកឃើញករណីឆ្លងលើពលករខ្មែរចំនួន ៥នាក់ ក្រោយពីពួកគេវិលត្រឡប់មកពីប្រទេសថៃ ហើយករណីឆ្លង ០២នាក់ទៀត ត្រូវបានរកឃើញលើពលរដ្ឋម្នាក់មកពីខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតមកពីខេត្តប៉ៃលិន។
ទន្ទឹមគ្នានេះដែរ រដ្ឋបាលខេត្តមួយនេះ បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ១២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយហើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ១០៥នាក់ហើយ។
ខេត្តបាត់ដំបង បានរកឃើញមនុស្សដល់ទៅ ៣០៣នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ អ្នកជំងឺ ០២នាក់បានស្លាប់ ហើយអ្នកជំងឺ ១៩៦នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្តនៅឡើយ៕