ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា រយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន ១,១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត ៦ម៉ឺនកន្លែង(៥៩,៦៣១)។
ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់(៣២,៥៥១នាក់) រីឯសហគ្រាសគ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន១,១០៩ ផ្តល់ការងារថ្មីបានជាង២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។
វត្តមាននៃសហគ្រាសគ្រឹះស្ថានថ្មីនេះ អាចបង្ហាញថាអ្នកវិនិយោគមានទំនុកចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការមើលឃើញនូវសក្តានុពលផ្នែកធុរកិច្ច ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជិការសរុបចំនួន ១៧,៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង៨៣ម៉ឺននាក់។
ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជន នាខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
ទន្ទឹមនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបន្តអនុវត្តទិសដៅក្នុងការរក្សា និង បង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេសផងដែរ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញ អំពីវឌ្ឍនភាពការងារអាទិភាព ដែលក្រសួងត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះផងដែរ។
ក្នុងនោះគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។ កម្មវិធីនេះ នឹងចូលរួមជម្រុញ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស បង្កើនការប្រកួតប្រជែងទាំងបរិយាកាសការងារ និង ផលិតភាពការងារ ក្នុងរោងចក្រសហគ្រាសនីមួយៗកាន់តែខ្លាំង៕



