អាមេរិក ៖ គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ាក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ។
បន្ទាប់ពីកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក រ៉ូប៊ឺត វូដ (Robert Wood) បាននិយាយថា ប្រទេសជាច្រើនបានថ្កោលទោសការវាយប្រហារដោយក្រុមហាម៉ាស់ថា៖«ជាក់ស្តែង ពួកគេមិនមែនទាំងអស់ទេ (ថ្កោលទោសការវាយប្រហារ) ហើយខ្ញុំពិតជាមិនចង់ចូលទៅក្នុងរឿងនេះទេ។ ខ្ញុំគិតថា អ្នកប្រហែលជាអាចរកឃើញម្នាក់ក្នុងចំណោមពួកគេ ដោយមិនចាំបាច់ខ្ញុំនិយាយអ្វីឡើយនោះទេ»។
លោកវូដ បាននិយាយថា ស្ថានភាព នៅតែមិនស្ថិតស្ថេរ និងមានគ្រោះថ្នាក់ខ្លាំង។
អ្នកការទូតរូបនេះ បានបន្ថែមថា ក្រុមន្ត្រីកំពុងប្រឹងប្រែងទប់ស្កាត់ជម្លោះកុំឲ្យរាលដាលដល់ទូទាំងតំបន់។
លោកវូដ បាននិយាយថា៖«វាជារឿងសំខាន់ដែលសហគមន៍ពិភពលោកថ្កោលទោស ថ្កោលទោសយ៉ាងខ្លាំង ការលុកលុយដែលមិនបង្កហេតុ និងការវាយប្រហារភេរវកម្ម និងសកម្មភាព ដែលបានកើតឡើង និងកំពុងកើតឡើង»។
នៅពេលសួរអំពីស្ថានភាពរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ លោកវូដ បាននិយាយថា៖«យើងអាណិតដល់ ជនស៊ីវិលដែលរងការឈឺចាប់ ឬ ត្រូវបានសម្លាប់ នៅគ្រប់ទីកន្លែងក្នុងពិភពលោក។ រឿងនោះ បានកើតឡើងហួសពីការថ្លែងទៅហើយ។ អ្វីដែលសំខាន់ឥឡូវនេះ គឺសហគមន៍អន្តរជាតិបង្ហាញសាមគ្គីភាពជាមួយអ៊ីស្រាអែល»។
