ប៉ាឡេស្ទីន ៖ ប្រជាពលរដ្ឋនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុងហ្គាហ្សា បានរុករកតាមគំនរបាក់បែក និងបានទាញមនុស្សចេញពីអគារខូចខាតនៅព្រឹកថ្ងៃចន្ទនេះ ក្រោយការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
ការផ្ទុះ ត្រូវបានគេមើលឃើញនៅទូទាំងតំបន់ហ្គាហ្សានៅព្រឹកថ្ងៃចន្ទនេះ ស្របពេលដែលអ៊ីស្រាអែលបើកការវាយប្រហារសងសឹកលើក្រុមហាម៉ាស់ ក្រោយពេលដែលក្រុមជីវពលមួយនេះ វាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីរយៈពេល ១ថ្ងៃមុន ។
បុរសពុំផ្តល់អត្តសញ្ញាណម្នាក់ នៅជំរំជនភៀសខ្លួន Shati បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ដោយគ្មានការព្រមានជាមុន ពួកគេបានវាយប្រហារពួកយើងដោយគ្មានការព្រមាននោះទេ វាគឺជាយន្តហោះចម្បាំង F-16 ។ គ្មានការព្រមាននោះទេ គ្មានសោះតែម្តង ហើយអ្នកអាចមើលឃើញបានពីការខូចខាត មើលខ្លួនអ្នកទៅឃើញហើយ ។
គួរឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធមកពីក្រុមអ៊ីស្លាមហាម៉ាស់ បានសម្លាប់ពលរដ្ឋ និងទាហានអ៊ីស្រាអែល ៧០០នាក់ និងបានចាប់ជម្រិតមនុស្សរាប់សិបនាក់ផ្សេងទៀត ពេលដែលពួកគេវាយប្រហារទីក្រុងជាច្រើនរបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដែលជាការវាយលុកស្លាប់មនុស្សច្រើនបំផុតនៅក្នុងទឹកដីអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប និងស៊ីរី ក្នុងសង្រ្គាម Yom Kippur កាលពីរយៈពេល ៥០ឆ្នាំមុន ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ជាការឆ្លើយតបវិញ ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអេល បានសម្លាប់មនុស្សជាង ៤០០នាក់ ក្នុងនោះរួមមានទាំងកុមារ ២០នាក់ផងដែរ ៕

