ក្លិបបាល់ទាត់អេស្ប៉ាញ Sevilla បានសំរេចបញ្ចប់តំណែងគ្រូបង្វឹកលោក Jose Luis Mendilibar ហើយក្រោយចាប់ផ្តើមរដូវកាលមិនបានល្អ។
បុរសវ័យ ៦២ ឆ្នាំរូបនេះបានចូលមកកាន់តំណែងនេះកាលពីខែមីនាចុងរដូវកាលមុន និងបានជួយ Sevilla រួចផុតពីតំបន់គ្រោះថ្នាក់ ក៏ដូចជាដឹកនាំក្រុមឈ្នះជើងឯក Europa League លើកទី៧ របស់ Sevilla ផងដែរ និងទទួលបានកៅអីនៅ UEFA Champions League រដូវកាលនេះ។

យ៉ាងណាក្តី រដូវកាលថ្មីនេះ La Liga, Sevilla ចាប់ផ្តើមរដូវកាលបាន ៨ ប្រកួតឈ្នះតែ ២ ប្រកួតប៉ុណ្ណោះ ខណៈចុងក្រោយ Sevilla ស្មើ ២-២ ក្នុងទឹកដីខ្លួនឯងទល់នឹង Rayo Vallecano កាលពីថ្ងៃសៅរ៍ដែលធ្វើឱ្យ Sevilla ធ្លាក់ដល់លេខ ១៤ ក្នុងតារាង។
រំលឹកថាលោក Mendilibar បានដឹកនាំ Sevilla ឈ្នះ Manchester United និង Juventus ក្នុងដំណើរឡើងវគ្គ ផ្តាច់ព្រ័ត្រ Europa League រដូវកាលមុន និងយកឈ្នះ Roma នៅវគ្គផ្តាច់ព្រ័ត្រ។
នៅ UEFA Champions League រដូវកាលនេះ Sevilla ស្មើទាំងពីរប្រកួតក្នុងពូលទល់នឹង Lens និង PSV ឈរលេខ ៣ ក្នុងពូល B៕ អត្ថបទ៖នាង សុភាវុធ