រៀតណាម ៖ បំណាក់ដី និងទឹកជំនន់ដ៏គំហុក ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា នៅភាគខាងជើងប្រទេសវៀតណាម បានសម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់នៅបន្តបាត់ខ្លួន នេះបើយោងតាមគណៈកម្មាការជាតិដឹកនាំសម្រាប់ការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃចន្ទ (៩ តុលា) នេះ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា មនុស្ស៣នាក់ដែលបានស្លាប់នៅក្នុងបំណាក់ដីនោះ គឺមកពីខេត្តអៀន បៃ (Yen Bai) ហើយអ្នកបាត់ខ្លួនម្នាក់មកពីខេត្តថៃ ង្វៀន (Thai Nguyen)។
ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ នាំឱ្យមានការជន់លិច ទឹកហូរច្រោះដី និងការកកស្ទះចរាចរណ៍យ៉ាងយូរលើផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងប្រទេសវៀតណាម ហើយលំនៅឋានរាប់រយខ្នងក៏ត្រូវជន់លិចផងដែរ។
យោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានឲ្យដឹងថា គ្រោះធម្មជាតិ ដែលភាគច្រើនជាទឹកជំនន់ និងបំណាក់ដី បានបណ្តាលឲ្យមនុស្ស ៩៨នាក់ស្លាប់ ឬបាត់ខ្លួន និង ១០៣នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះផងដែរ៕

