
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវប្រតិបត្តិការអាជីវកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដោយថា អាជីវកម្មទាំងនោះ មានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចចេញនៅយប់នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចឱ្យផ្អាកដំណើរការអាជីវកម្មជាបណ្ដោះអាសន្នរយៈពេល ២សប្ដាហ៍សិន ចាប់ពីថ្ងៃទីស្អែកនេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា។
បើតាមសេចក្ដីសម្រេចនោះ ប្រតិបត្តិការសាលារៀន អាជីវកម្មកម្សាន្ត ទីតាំងទេសចរណ៍ អាជីវកម្មម៉ាស្សា រោងភាពយន្ត និងទីតាំងសិល្បៈ និងទីតាំងហាត់ប្រាណ ឬលេងកីឡា នឹងមិនអនុញ្ញាតឱ្យដំណើរការទេនៅអំឡុងពេលនេះ។
សាលារាជធានីភ្នំពេញ ក៏បានសម្រេចហាមឃាត់ផងដែរនូវការជួបជុំ ឬការប្រមូលផ្ដុំមនុស្សចាប់ពី ១៥នាក់ឡើងទៅនៅអំឡុងពេលនេះ ប៉ុន្តែ ក៏មានករណីលើកលែងមួយចំនួនផងដែរ។
សាលារាជធានី ក៏បានក្រើនរំលឹកទៅម្ចាស់ ឬអ្នកគ្រប់គ្រងប្រតិបត្តិការអាជីវកម្មទាំងឡាយនៅរាជធានីភ្នំពេញ ឱ្យបង្កើនការអនុវត្តតាមវិធានការសុខភាព ដូចជា រក្សាគម្លាត វាស់កម្ដៅ និងបាញ់ទឹកអាល់កុលលាងសម្អាតដៃជាដើម ដើម្បីទប់ស្កាត់ការឆ្លងរីកដាលនៃមេរោគកូវីដ-១៩៕