ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រ រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានប្រាប់BTV ព័ត៌មានថា មកដល់ម៉ោងនេះ មន្រី្តជំនាញ កំពុងតាមដានសភាពការណ៍ជំងឺផ្តាសាយបក្សី ប្រភេទH5N1 ដែលបានសម្លាប់មនុស្សម្នាក់ក្នុងខេត្តស្វាយរៀង។
បើយោងតាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលBTV ព័ត៌មាន ទទួលបានកាលពីល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន០១ករណី ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើបុរសអាយុ ៥០ឆ្នាំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមការសាកសួរ បង្ហាញថា មានផ្ទះអ្នកជិតខាងបុរសខាងលើ បានទិញមាន់មកស្តុកទុកលក់ បន្ទាប់មក ក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាង ចាប់ផ្តើមងាប់ ប្រមាណជាង៥០ក្បាល ហើយមាន់ងាប់នេះ ក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។
សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋ ជាពិសេសលើកុមារ ដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែលបានស្លាប់ នេះ គឺជាករណីផ្តាសាយបក្សីទី៥៨ (ស្លាប់៣៩នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយ នេះជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣៕ អត្ថបទ៖ រដ្ឋា

